ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាធ្វើឲ្យមនុស្សម្នាក់ស្លាប់និងមនុស្ស៣នាក់រងរបួសធ្ងន់ស្រាលនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
លោក អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថាៈ ករណីទី១ នៅវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ ៣៨១-៣៨២ ស្ថិតនៅភូមិ វាំងមួង ឃុំកូប ស្រុកអូរជ្រៅ នៅត្រង់មុខសាលាបឋមសិក្សាវាំងមួងលើផ្លូវជាតិលេខ៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូបុកប៉ះជាមួយម៉ូតូ បណ្តាលឲ្យម្នាក់ស្លាប់នៅនឹងកន្លែងចំណែកមនុស្ស២នាក់ទៀតរងរបួសស្រាល ។
លោកអធិការបានបញ្ជាក់ថា៖មុនដំបូងមានម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម C.125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្តាល1j.2507 អ្នកបើកបរឈ្មោះ ថន ចាន់ថា ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅសព្វថ្ងៃនៅភូមិ វាំងមួង ឃុំ ឃុំកូប ស្រុកអូរជ្រៅ (ស្លាប់នៅនឹងកន្លែងកើតហេតុ)ដោយមិនមានពាក់មួកសុវត្ថិភាព បើកបរម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុបត់ឆ្វេង បានបុកប៉ះនិងម៉ូតូមួយគ្រឿងទៀតដែលបើកបរដោយឈ្មោះ នូ ម៉នុត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ បឹងគូរ ឃុំ សឿ ស្រុក មង្គលបូរី រងរបួស(ស្រាល)និងអ្នករួមដំណើម្នាក់ឈ្មោះ ឌី ឆៃយ៉ា ភេទប្រុស អាយុ១៨ ឆ្នាំរស់នៅភូមិ ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ(របួសស្រាល)។មូលហេតុបង្កឲ្យគ្រោះថ្នាក់នេះ ម៉ូតូបើកបរមកពីទិសខាងកើត បត់ ឆ្វេងខ្វះការប្រុងប្រយ័ត្ន ចំណែកម៉ូតូបើកបរពីទិសខាងលិចមកទិសខាងកើតបើកបរ ក្នុងល្បឿនលឿន ។ចំណែកឯម៉ូតូ ០២ គ្រឿងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកអូរជ្រៅ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ។
លោកបន្តថា៖ករណីទី២ នៅវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ ៣៨៣-៣៨៤ នៅត្រង់ចំណុចផ្លូវចូលទៅឃុំអូរបីជាន់ លើផ្លូវជាតិលេខ៥ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តបុកប៉ះជាមួយម៉ូតូ ។
លោកអធិការបានបញ្ជាក់ឲ្យដឹងថា៖ មុនដំបូងមានម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម C.125 ពណ៏ ខ្មៅស្លាកលេខ(គ្មាន) អ្នកបើកបរដោយឈ្មោះ ពៅ សុខុន ភេទប្រុស អាយុ ៦០ឆ្នាំ មានទីលំនៅសព្វថ្ងៃនៅភូមិ អូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនមានពាក់មួកសុវត្ថិភាព បើកបរម្នាក់ឯង ពីទិសខាងជើងទៅទិសខាងត្បូងឡើងមកផ្លូវជាតិលេខ៥បត់មកដល់ចំណុចកើតហេតុ ស្របពេលនោះក៏មានរថយន្ត១គ្រឿងដែលបើកបរដោយឈ្មោះ ថុង សំបូរ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិ ១ សង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (មិនមានរបួសទេ)បើកបរម្នាក់ឯងបានបុកប៉ះបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។ មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ ម៉ូតូបើកបរមកពីទិសខាងជើងបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន មិនគោរពសិទ្ធិអាទិភាព ចំណែករថយន្តបើកបរក្នុងល្បឿនលឿន៕