ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ត្រីយោធាម្នាក់ ដែលប្រាស់អំពើហិង្សាយកពិលដែកវាយសន្តិសុខយាម បូរីភិពភថ្មី ត្រពាំងថ្លឹង បណ្តាលឲ្យបែកក្បាល គំរាមបាញ់បំបែកក្បាល ហើយទាមទារឲ្យសន្តិសុខរងគ្រោះសងថ្លៃពិល បន្ទោបង់ដាក់កន្លែងប៉ូលិសទៀតនោះ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។
អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ឈ្មោះ ហ្វី សុធា ភេទប្រុស អាយុ ៥២ឆ្នាំ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច បូរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមជម្រាបថា នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ហ្វី សុធា អាយុ ៥២ឆ្នាំ ជាមន្ត្រីយោធាមានបុណ្យស័ក្តិធំ ស្នាក់នៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកបររថយន្ត ០១គ្រឿង ម៉ាក TOYOTA TUNDRA ពណ៌ស ស្លាកកលេខ ភ្នំពេញ 2BF-1127 ដល់ច្រច្រកចូលបុរីបានបុករបងបុរី រួចចូលទៅខាងក្នុងបាត់។ ក្រុមសន្តិសុខក៏រាយការណ៍ទៅថ្នាក់លើអំពីសកម្មភាពបុគ្គលអាងអំណាច ប៉ុន្តែមួយសន្ទុះក្រោយមកបានបើករថយន្តមលដល់កន្លែងកើតហេតុបង្កជម្លោះពាក្យសម្តីតឹងសសៃករគំរាមសន្តិសុខ ដោយអួតខ្លួនខ្សែអ្នកធំ និងស្គាស់សុទ្ធតែថ្នាក់ដឹកនាំ និងបានទាញពិលដេញវ៉ៃសន្តិសុខម្នាក់ ឈ្មោះ អ៊ុម កួក ភេទប្រុស អាយុ ៤៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យបែកចុងចិញ្ចើមហូរឈាម។
ក្រុមសន្តិខដែលជនរងគ្រោះបាននាំគ្នាឃាត់ជនសង្ស័យរួមទាំងវត្ថុតាងយកមក ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ សួរនាំ ប៉ុន្តែជនសង្ស័យមិនព្រមប្រាប់ និងឆ្លើយនោះទេ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ១ បានឲ្យដឹងថា ខណៈកម្លាំងនគរបាលចុះទៅជួយអន្តរាគមន៍ ជនបង្កបានស្រែកជេរ និងគំរាមបាញ់មកដល់សមត្ថកិច្ចទៀត។ ដោយអនុវត្តតាមច្បាប់កម្លាំងនគរបាលបានចាប់បញ្ជូនមកប៉ុស្តិ៍នគរបាល និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌចាត់ការបន្ត។
ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ មហាជនបានសំណូមពរឱ្យថ្នាក់ដឹកនាំ ក៏ដូចជាស្ថាប័នតុលាការចាត់វិធានការយ៉ាងតឹងរឹងបំផុត ខណៈដែលជនបង្កសាច់ញាតិជនបង្កកំពុងស្វែងការអន្តរាគមន៍ចង់ឱ្យដោះលែងជនបង្កឱ្យនៅក្រៅឃុំ៕