2023-11-27 17:44
438

បន្ទាយមានជ័យ៖     រថយន្តដឹកមាន់រស់គ្មានច្បាប់អនុញ្ញាត ០១គ្រឿង នាំចូលពីប្រទេសថៃ ត្រូវបានក្រុមមន្ត្រីបសុព្យាបាលខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលប្រឆាំងសេដ្ឋកិច្ចធ្វើការស្ទាក់ឃាត់យកសំណាកទៅពិនិត្យរកមេរោគ និងអនុវត្តការផាកពិន័យតាមច្បាប់។   

ការចាប់រថយន្តដឹកមាន់រស់ខាងលើ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចជិតស្នាក់ការភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការឃាត់ចាប់រថយន្តដឹកមាន់ខាងលើ ធ្វើឡើងក្នុងប្រតិបត្តិការចុះត្រួតពិនិត្យអធិការកិច្ច និងល្បាតហើយប្រទះឃើញរថយន្ត ០១គ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ចង្កូតស្តាំ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-8809 ដែលមានផ្ទុកមាន់ចម្រុះ សរុបចំនួន ២១៥ក្បាល លួចនាំចូលពីប្រទេសថៃតាមច្រករបៀង ក្នុងមូលដ្ឋានស្រុកស្វាយចេក ទិសដៅយកមកចែកចាយ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។  

លោកបន្តថា អ្នកប្រព្រឹត្តមានឈ្មោះ សោម សូសា ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តល្មើសទៅនឹងច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ដោយបានធ្វើការដឹកជញ្ជូនសត្វមាន់រស់ដោយគ្មានគោលការណ៍អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

ចំពោះអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ មានមាត្រា ៥៨ នៃជំពូក៩។ 
លោក ហ៊ុយ ទូច បញ្ជាក់ថា ជាការចាប់ផ្តើមនៃការអនុវត្តនេះ គឺ យើងយកសំណាកសត្វមាន់ ទៅពិនិត្យឲ្យបានច្បាស់លាស់ប្រសិនបើគ្មានបញ្ហាអ្វីនោះទេ ជំនាញនឹងធ្វើការផាកពិន័យទៅតាមច្បាប់សុខភាពសត្វ ផលិតកម្មសត្វ មាត្រា ១១៣ ដោយធ្វើការផាកពិន័យជាប្រាក់ ពី ១០លានរៀលទៅ១៥លានរៀល ដោយមិនគិតថាដឹកតិច ឬច្រើននោះទេ ព្រោះនេះជាករណីប្រព្រឹត្តបទល្មើស។ 

មន្ត្រីជំនាញបានបញ្ជាក់ថា ប្រសិនបើគាត់ មិនព្រមទទួលយកការផាកពិន័យទេ មន្ត្រីជំនាញនឹងធ្វើការកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី៕