2023-11-29 08:11
325

ព្រះវិហារ៖ អំពើឃាតកម្មដ៏សារហាវព្រៃផ្សៃ ដែលផ្តើមឡើងដោយសាររឿងគំនុំចោទប្រកាន់ជនរងគ្រោះថា ចេះធ្វើអំពើអាបធ្មប់ មន្តអាគមអូមអាម ក្មួយបង្កើតយកកាំភ្លើង ០២ដើមបាញ់ប្រហារលើម្តាយមីង និងពូបណ្តាលស្លាប់យ៉ាងអាណោចអាធ័មបំផុតក្នុងដីចំការ។

ស្នងការដ្ឋាននគរបានខេត្តព្រះវិហារ បានឲ្យដឹងថា ហេតុការណ៍នៃអំពើឃាតកម្ម ខាងលើនេះ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបុស្សល្ហុង ក្នុងដីចំការរបស់ជនរងគ្រោះ ក្នុងភូមិឆ្មារ ឃុំឆ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ។

ជនដៃដល់ជាឃាតករបាញ់ស្លាប់ពូ និងមីងរបស់ខ្លួន ត្រូវបានសមត្ថកិច្ចប្រាប់ឲ្យដឹងថា មានឈ្មោះ អាំ ឡាម ភេទប្រុស អាយុ ២៩ឆ្នាំ (ត្រូវជាក្មួយជនរងគ្រោះ) បានប្រើប្រាស់អាវុធកែច្នៃ (កាប៊ីន) ចំនួន ០២ ដើមបាញ់ទៅលើជនរងគ្រោះទាំងពីរនាក់ប្តី-ប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

តាមការបញ្ជាក់របស់ស្នងការនគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា ចំពោះមូលហេតុននៃអំពើឃាតកម្មបាញ់សម្លាប់ពីរនាក់ប្តី-ប្រពន្ធនេះ ផ្តើមឡើងដោយរឿងគំនុំចោទប្រកាន់ថា ជនរងគ្រោះចេះអំពើអាបធ្មប់ទើបឈានដល់រៀបចំគម្រោងបាញ់ស្លាប់បែបនេះ។

ករណីខាងនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាឃាតករ និងដកហូតបានអាវុធកែច្នៃ (កាប៊ីន) ចំនួន ០២ដើម កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី។

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ ឬលាក់ទុក និងកំពុងកែច្នៃអាវុធ (កាប៊ីន) ដោយខុសច្បាប់ សូមប្រញាប់រួសរាន់រាយការណ៍ និងប្រគល់ជូនសមត្ថកិច្ចជាបន្ទាន់ដោយស្ម័គ្រចិត្តមិនដូច្នេះទេ លោកអ្នកប្រឈមនឹងផ្លូវច្បាប់៕