2023-12-07 12:48
387

(កំពត) ៖      កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣ នេះលោក ស្រីព្រុំ សុភាព ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពតប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋស្រុកទឹកឈូ បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះការដាក់ឲ្យអនុវត្តនូវគោលនយោបាយកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលនយោបាយគាំពារសង្គមដើម្បីឆ្លើយតបនឹងគ្រោះអាស័ន្ននៅពេលឆាប់ៗខាងមុខនេះ ព្រោះពួកគាត់យល់ថា កម្មវិធីនេះនឹងអាចជួយសម្រាលដល់ទុក្ខលំបាក និងភាពខ្វះខាតក្នុងគ្រួសារពលរដ្ឋក្រីក្រ  គ្រួសាររងគ្រោះ និងងាយរងគ្រោះ។

ប្រជាពលរដ្ឋដែលមានបណ្ណ័សមធម៍  និងពលរដ្ឋបានឆ្លងផុតខ្សែបន្ទាត់ក្រីក្រនៅស្រុកទឹកឈូ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា  លោកតែងតែគិតគូរ អំពីទុក្ខលំបាក  សំណើរ សំណូមពរ និងក្តីកង្វល់របស់ពលរដ្ឋ  និងបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពគ្រួសារពលរដ្ឋ ពិសេសគ្រួសារជួបការលំបាក  និងខ្វះខាត រង់គ្រោះ និងងាយរង់គ្រោះជាដើម។

ជាក់ស្តែងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុពេលប្រយុទ្ធនឹងជម្ងឺកូវីដ ១៩ , កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមាអាយុក្រោម២ឆ្នាំ ជាដើមពិត ជាបានរួមចំណែកសំខាន់ក្នុងជីវភាពរស់នៅរបស់ពួកគាត់។

ហើយថា ការដាក់ឲ្យអនុវត្តនូវគោលនយោបាយកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលនយោបាយគាំពារសង្គមដើម្បីឆ្លើយតបនឹងគ្រោះអាស័ន្ន ពិតជាអាចជួយដោះទុក្ខលំបាកមួយកម្រិតថែមទៀត។

លោក ស្រីព្រុំ សុភាព ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពត បានបន្តឲ្យដឹងថា នាពេលកន្លងមករាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុពេលប្រយុទ្ធនឹងជម្ងឺកូវីដ ១៩ , កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមាអាយុក្រោម២ឆ្នាំ  កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររង់ផលប៉ះពាល់ដោយអតិផរណា និងកម្មវិធីការឧបត្ថម្ភសាច់ប្រាក់ជូនជនរងគ្រោះ រង់ផលប៉ះពាល់ដោយទឹកជំនន់ ដែលគិតមកដល់បច្ចុប្បន្ន ខេត្តកំពតមានគ្រួសារពលរដ្ឋសរុបជាង២ម៉ឺនគ្រួសារទទួលបានការឧបត្ថម្ភតាមរយៈកម្មវិធីទាំងនោះ ។

លោកស្រីព្រុំ សុភាព ប្រធានមន្ទីរសង្គមកិច្ច បានបញ្ជាក់ឲ្យដឹងថា  បន្ទាប់ពីកកម្មវិធីឧត្តម្ភសាច់ប្រាក់ខ្លះបានបញ្ចប់ទៅ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនបាយកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីគាំពារសង្គមដើម្បីឆ្លើយតបនឹងគ្រោះអាស័ន្នជំនួសវិញ ដែលកម្មវិធីនេះ នឹងបានចាប់ផ្តើមអនុវត្តនៅក្នុងខែមេសា ឆ្នាំ២០២៤ នាខាងតទៅ។(សឹង រ៉ាត់)