2023-12-07 13:42
367

ព្រៃវែង៖ ដូចពាក្យចាស់លោកពោលថា «មាត់ត្រីកំភ្លាញស្លាប់ព្រោះមាត់» បុរសម្នាក់ត្រូវបានឃាតកវាយសម្លាប់យ៉ាងសាហាវបំផុតក្នុងបឹងស្រែ ព្រោះតែនៅមិនសុខចេះតែនិយាយដៀមដាមឲ្យអ្នកជិតខាងរឿងរ៉ាវខ្លួនធ្លាប់មានទំនាក់ទំនងស្នេហាជាមួយប្រពន្ធរបស់គេតាំងពី ១៥ឆ្នាំមុន និងធ្លាប់បានរួមមេត្រីជាមួយគ្នាដោយអត់ទ្រាំលេងបានរៀបចំគម្រោងវាយសម្លាប់ចោលតែម្តង។

ករណីអំពើឃាតកម្មដ៏សាហាវខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានស្រាវជ្រាវឈានដល់បំបែកសំណុំដោយឃាត់ខ្លួនឃាតករ និងអ្នកសមគំនិត ចំនួន ០៥នាក់ ស្រី ០១នាក់ ត្រូវជាប្រពន្ធជនដៃដល់ផ្ទាល់តែម្តង។

លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តព្រៃវែង បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលស្រុកពារាំង និងស្រុកស៊ីធរកណ្ដាល ឈានទៅដល់កំណត់បាននូវមុខសញ្ញាជនសង្ស័យក្នុងករណីឃាតកម្ម ដែលកើតឡើងនៅភូមិសាស្ត្រស្រុកពារាំងខេត្តព្រៃវែង។
របាយការណ៍នគរបាល បានឲ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះម្នាក់ នៅវេលាម៉ោង ២និង០០នាទី រំលងអាធ្រាត្រ ថ្ងៃទី២៩ ខែ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ត្រង់ចំណុចវាលស្រែ ស្ថិតនៅខាងលិចភូមិ សាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

របាយការណ៍បានបន្ថែមថា ក្រោយកើតហេតុរហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ទើបកម្លាំងជំនាញព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឃាត់ខ្លួនបាននូវមុខសញ្ញាជនសង្ស័យម្នាក់ រួមនឹងបក្សពួក ចំនូន ០៥នាក់ផ្សេងទៀត។ 

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ រួមមាន៖ ១- ឈ្មោះ ចឹក រី ភេទប្រុសរស់នៅភូមិ ព្រៃព្រហ្ម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង (ជាជនដៃដល់), ២- ឈ្មោះ ណុល ណាត (ហៅញ៉េប) ភេទប្រុស, ៣- ឈ្មោះ ចឹក រ៉េត ភេទប្រុស, ៤-ឈ្មោះ ហ៊ន ឡាយ ភេទប្រុស, ៥-ឈ្មោះ អួន សាង ភេទប្រុស និង ៦- ឈ្មោះ អ៊ន់ ហេម ភេទស្រី (ត្រូវជាប្រពន្ធរបស់ជនសង្ស័យ) អ្នកទាំង ០៦នាក់ខាងលើ មានទីលំនៅ ភូមិព្រៃព្រហ្ម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ករណីអំពើឃាតកម្មនេះ បានកើតឡើង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២និង០០នាទីរំលងអាធ្រាត្រ ដោយជនសង្ស័យឈ្មោះ ចឹក រី មានទីលំនៅភូមិ-ឃុំ កើតហេតុបានទៅមើលអន្លង់ដាក់ត្រីចម្ងាយប្រហែល ៣០០ម៉ែត្រ ត្រង់ចំណុចវាលស្រែ ស្ថិតនៅប៉ែកខាងលិច ភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានធ្វើសកម្មភាពដោយយកចបជីកមកវាយទៅលើជនរងគ្រោះឈ្មោះ ឡុច អ៊ាង ភេទ ប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នាបណ្ដាលឱ្យជនរងគ្រោះរងរបួស ចំនួន ០៥កន្លែងហើយបណ្ដាលឱ្យស្លាប់ នៅនឹងវាលស្រែត្រង់ចំណុចកើតហេតុខាងលើតែម្ដង។  

លុះរហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌខេត្តសហការជាមួយអធិការដ្ឋាននគរបាលស្រុកពារាំង និងនគរបាលស្រុកស៊ីធរកណ្ដាល បានស្រាវជ្រាវស៊ើបអង្កេតរកមុខសញ្ញាដែលធ្វើសកម្មភាពក្នុងករណីឃាតកម្មនេះ ឈានឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៦នាក់ស្រី ០១នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដើម្បីសាកសួរ។

ក្រោយការចាប់ខ្លួនជនសង្ស័យទាំង ០៦នាក់ មិនបានសហការសារភាពប្រាប់សមត្ថកិច្ចភ្លាមៗនោះទេ រហូតដល់ថ្ងៃទី០២ ខែធ្ន ទើបឈ្មោះ ចឹក រី ដែលជាជនដៃដល់បានសារភាពប្រាប់សមត្ថកិច្ចថា «ក្រោយពីបានវាយសម្លាប់លើជនរងគ្រោះរួចមក ខ្លួនក៏បានទៅហៅឈ្មោះ ណុល ណាត, ចឹក រ៉េត, ហ៊ន ឡាយ និង អួន សាង ឱ្យទៅជួយសែងសាកសពមកដាក់ក្នុងស្រែលើជញ្ជាំ្រងដែលមានទឹកដក់ជាប់នឹងភ្លឺស្រែចម្ងាយ ២០០ម៉ែត្រពីកន្លែងកើតហេតុ»។

ជនសង្ស័យជាឃាតករបាននិយាយថា «ជនរងគ្រោះឈ្មោះឡុច អ៊ាងនោះត្រូវជាពូបង្កើតរបស់ខ្លួនតែម្តង»។
ក្រោយពីបានស្តាប់ចម្លើយសារភាពលម្អិតរបស់ជនសង្ស័យឈ្មោះ ចឹក រី វាយសម្លាប់ជនរងគ្រោះឈ្មោះ ឡុច អ៊ាង ដោយសារតែមានគំនុំទំនាស់ក្នុងគ្រួសារជាមួយគ្នាអស់រយៈពេល ១៥ឆ្នាំកន្លងមកហើយដោយសារឈ្មោះ ឡុច អ៊ាង ខឹងឈ្មោះ ចឹក រី ធ្លាប់មានទំនាក់ទំនងស្នេហា និងបានក្រេមទឹកឃ្មុំជាប្រពន្ធរបស់ខ្លួន និងរាល់ពេលផឹកស៊ីស្រវឹងម្ដងៗឈ្មោះ ឡុច អ៊ាង តែងតែស្រែកជេរដៀមដាមឈ្មោះចឹក រី ជាជនដៃដល់រហូត ទើបឃាតករបានខឹងចងគំនុំនឹងឈ្មោះ ឡុច អ៊ាង ជាពូរហូតមក។

លុះនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឈ្មោះ ចឹក រី បានរៀបគម្រោងតាមដានឈ្មោះ ឡុច អ៊ាង ចាប់ពីម៉ោង ១៨និង០០នាទីយប់ រហូតដល់ម៉ោង ២៣និង០០នាទី ដឹងថាឈ្មោះ ឡុច អ៊ាង កាន់សម្ភារៈឆ្លុះត្រីដើរទៅខាងត្បូងភូមិខ្លួនក៏ត្រឡប់មកផ្ទះវិញ រហូតដល់ម៉ោងប្រហែល ១ រំលងអធ្រាតថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក៏បានយកចបជីកដែលទុកនៅក្រោមផ្ទះប្រវែងប្រហែល ១ម៉ែត្រដើររកឈ្មោះឡុច អ៊ាង ឃើញនៅកំពុងដើរឆ្លុះត្រីត្រង់ចំណុចជាប់ភ្លឺស្រែខាងត្បូង ភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែងរួចក៏វាយសម្លាប់តែម្ដង។បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ ខាងលើត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កំពុងបំពេញនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមផ្លូវច្បាប់៕