2023-12-07 21:22
428

ភ្នំពេញ៖ ស្ត្រីស្រស់ស្អាតម្នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបច្ចេកវិទ្យា ចាប់ខ្លួនតាមដីកា ដោយសារបានទំនាក់ទមនងតាមប្រព័ន្ធ Telegram ដើម្បីទិញកាបូប ម៉ាក CHANEL COCO LIZARD HANDLE ក្នុងតម្លៃ ៣ ៨០០ដុល្លារ ប៉ុន្តែក្រោយទទួលបានអីវ៉ាន់មិនព្រមទូទាត់លុយ។ 

នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនស្ត្រីជនសង្ស័យ​ម្នាក់ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ស សំណាង ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ «ឆបោក ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយកាលពី ថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២៣​ យោង​បណ្តឹង​របស់​ជន​រង​គ្រោះ​ដែល​បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា​»។ 

នគរបាលដ្ឋានប្រឆាំងបទល្មើសប្រឆាំងបច្ចេកវិទ្យា បានបញ្ជាក់ថា ជនសង្ស័យខាងលើបានប្រើប្រាស់គណនីតេឡេក្រាមឈ្មោះ Emily Emily ឆាតទៅជនរងគ្រោះ ដើម្បីចចារទិញកាបូបម៉ាក CHANEL COCO LIZARD HANDLE ក្នុងតម្លៃ ៣ ៨០០ដុល្លា។ ក្រោយពីបានទទួលកាបូបរួច ជនសង្ស័យមិនបានទូរទាត់ប្រាក់ឲ្យជនរងគ្រោះឡើយ​។ 

បច្ចុប្បន្ន​ស្ត្រីជនសង្ស័យត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់ការតាម​នីតិវិធី​នៃ​ច្បាប់​៕