2023-12-12 10:46
273

កែប៖ សកម្មភាពបទល្មើសនេសាទទូកអូសធំៗដោយប្រើប្រាស់ឧបករណ៍ហាមឃាត់ និងម៉ាស៊ីនឆក់កំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យក្នុងដែនសមុទ្រតំបន់ទឹករាក់ ប៉ុន្តែមន្ត្រីជំនាញជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប រួមទាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងកំហរសមុទ្រហាក់គ្មានវិធានការបណ្តែតបណ្តោយឱ្យក្រុមឈ្មួញប្រព្រឹត្តយ៉ាងរលួន។

ជាក់ស្តែង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ មានក្រុមទូកនេសាទល្មើសច្បាប់ បានចូលធ្វើសកម្មភាពនេសាទ ដោយប្រើប្រាស់ឧបករណ៍ហាមឃាត់ចូលនេសាទ ក្នុងដែនសមុទ្រខេត្តកែប នៃតំបន់ទឹករាក់យ៉ាងគគ្រឹកគគ្រេងគ្មានការទប់ស្កាត់ និងបង្ក្រាបពីសំណាក់មន្ត្រីជំនាញឡើយ។ 

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា ក្នុងដើមខែធ្នូ ឆ្នាំ២០២៣នេះ បទល្មើសនេសាទខុសច្បាប់កំពុងកើតមានពេញបន្ទុក នៅម្តុំតំបន់កំពង់ផែទេសចរណ៍ «កោះទន្សាយ» ក្រុង-ខេត្តកែប ដោយមានសកម្មភាពទូកអូស ប្រមាណ ០៤គ្រឿងទៅ០៥គ្រឿង មានបំពាក់ឧបករណ៍ាល្មើសច្បាប់ (ម៉ាស៊ីឆក់) ចូលមកឆក់មច្ឆាជាតិយ៉ាងអនាធិតយ្យ ដោយមើលឃើញនូវសកម្មភាពបង្កភាពមហត្តរាយបែបនេះ ទើបពលរដ្ឋបានសំណូមពរឱ្យមន្ត្រីជំនាញជលផលមានចំណាត់ការទប់ស្កាត់ និងបង្ក្រាបក្រុមទូកនេសាទល្មើសទាំងនោះ ដើម្បីរួមចំណែកថែរក្សាពូជពង្សមច្ឆាជាតិរបស់កម្ពុជាយើង។

ក្រុមប្រជានេសាទ បានផ្តល់ព័ត៌មានឱ្យដឹងទៀតថា «ក្រៅតែពីតំបន់ទឹករាក់ នៃកំពង់ផែ កោះទន្សាយ នៅតំបន់ទឹករាក់ នៅជិតភូមិសាស្រ្តស្រុកដំណាក់ចង្អើរ ខេត្តកែប នាកន្លងមកតែងតែមានទូកអូសឆក់មកពីតំបន់ផ្សេងក្រៅតែពីអ្នកនេសាទ នៅខេត្តកែប ដូចជា ខេត្តកំពត ចូលមកអូសទាំងថ្ងៃក្នុងតំបន់ទឹករាក់ ដែលធ្វើឱ្យប៉ះពាល់មុខរបរនេសាទខ្នាតតូចរបស់ពួកគាត់ប្រចាំថ្ងៃតែម្តង»។

លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានឱ្យដឹងថា «លោកនឹងចាត់ឲ្យមន្ត្រីជំនាញឆ្មក់ឃ្លាំមើលរាល់សកម្មភាពនេសាទល្មើសច្បាប់ទាំងនោះ គង់តែជួបប្រទះហើយត្រូវអនុវត្តទៅតាមនិតិវិធី ដោយមិនមានការលើកលែងនោះឡើយ បើនៅតែហ៊ានប្រព្រឹត្តល្មើសយ៉ាងដូច្នេះ»។ លោកប្រធានមន្ទី បានបន្ថែមទៀតថា «លោកមិនចង់ឃើញអ្នកនេសាទល្មើសច្បាប់យំសោកនៅពេលដែលជំនាញអនុវត្តន៍នូវនិតិវិធីច្បាប់នោះទេ»។

ក្នុងនោះលោក ថឹង បូរិន បានអះអាងថា «មន្ទីរជំនាញក៏កំពុងរកមុខរបរបន្ថែមជូនប្រជានេសាទ ព្រោះតែមិនចង់ឲ្យបងប្អូនអ្នកនេសាទបន្តប្រព្រឹត្តិទង្វើល្មើសច្បាប់ តាមរយៈការនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់តទៅទៀតទេ»។ លោកក៏បានសំណូមពរឱ្យប្រព័ន្ធផ្សព្វផ្សាយជំរុញការផ្សព្វផ្សាយច្បាប់នានាដែលមានចែងដើម្បីបញ្ជ្រាបដល់អ្នកនេសាទ សម្រាប់ការយល់ដឹងក្នុងន័យឈានទៅកាត់បន្ថយការប្រើប្រាស់ឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់ ដើម្បីធានាការពារធនធានជលផលសមុទ្រខេត្តកែបប្រកបដោយនិរន្តភាព។

គួបញ្ជាក់ថា កន្លងទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសស្តីពី ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ នៅប្រជុំកោះពោធិ៍ និងកោះទន្សាយ ខេត្តកែប ក្នុងទំហំ ១១ ៣០៧ ហិចតា បែងចែកជាតំបន់អភិរក្សជលផល ដែនជម្រកសុវត្ថិភាពជលផល កន្លែងការពារជលផល និងកន្លែងទេសចរណ៍បាតសមុទ្រជាដើម៕