2023-12-12 19:47
262

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កាលពីយប់មិញនេះ បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ និងកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
   ជាមួយគ្នានេះ កម្លាំងក្រុមការងារផ្លូវជាតិ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង តេស្ដរកសារធាតុញៀនអ្នកបើកបរយានយន្តគ្រប់ប្រភេទ និងពង្រឹងការពាក់មួកសុវត្ថិភាពនៅពេលយប់។
   ដោយឡែកកម្លាំងនគរបាលទេសចរណ៍ ប្រចាំការល្បាត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តតាមឆ្នេរមាត់សមុទ្រ។
   សូមជម្រាបជូនថា កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាននគរបាលគ្រប់ស្រុក-ក្រុង នៃខេត្តព្រះសីហនុទាំងអស់ ជារៀងរាល់ថ្ងៃតែងតែចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀនផងដែរ៕