2023-12-13 13:02
332

បន្ទាយមានជ័យ៖ ព្រះសង្ឃមួយអង្គដែលតែងខ្លួនមិនប្រក្រតីក្នុងនាមជាបព្វជិត ត្រូវបានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ សហការជាមួយព្រះមន្ត្រីសង្ឃ ព្រះចៅធិការវត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធចុះព្រមាន និងធ្វើកិច្ចសន្យសា ក្រោយពីបង្ហោះរូបភាពមិនសមរម្យ លើបណ្តាញសង្គមធ្វើឲ្យផ្ទុះការរិះគន់ និងនាំឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាយ៉ាងខ្លាំង។

 តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅរសៀលថ្ងៃច័ន្ទ ទី១១ ខែ ធ្នូ ឆ្នាំ២០២៣ មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានសហការជាមួយព្រះមន្ត្រីសង្ឃ សាលាអនុគណស្រុកភ្នំស្រុក និងរដ្ឋបាលស្រុកភ្នំស្រុក ព្រះតេជគុណ ព្រះចៅអធិការវត្ត លោកអាចារ្យ គណៈកម្មការវត្ត បើកអង្គប្រជុំ សម្របសម្រួល ដោះស្រាយករណី ព្រះតេជគុណ ផន ចាន់រះ អាយុ ១៥ឆ្នាំ បួសបាន ០៥វស្សា ដែលមានអាស័យដ្ឋាន នៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយបច្ចុប្បន្ន វត្តគង់ស្នាក់នៅអចិន្ត្រៃយ៍មិនពិតប្រាកដ។

 ព្រះចិត្តបាលោ សិន ឈុនលាង ព្រះលេខាធិការ អនុគណស្រុកភ្នំស្រុក បានបើកអង្គប្រជុំ និងសាកសួរនាំដល់ព្រះតេជគុណ ផន ចាន់រះ អំពីករណីដែលព្រះអង្គបានថតរូបភាពបង្ហោះ តាមបណ្តាញសង្គម (TikTok & Facebook) ដែលមានសណ្ឋានរូបភាពខុសប្រក្រតីក្នុងភេទជាព្រះសង្ឃបួសក្នុងព្រះពុទ្ធសាសនា ដែលធ្វើមហាជនមានការរិះគន់ និងធ្វើឲ្យមានផលប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា។ 

 ព្រះលេខាធិការ អនុគណស្រុក បានតម្រូវឲ្យព្រះសង្ឃព្រះនាម ផន ចាន់ ត្រូវតែធ្វើការកែប្រែអត្តចរិត អាកប្បកិរិយាឲ្យសមរម្យឡើងវិញ ក្នុងនាមជាបព្វជិតក្នុងព្រះពុទ្ធសាសនា។

 ព្រះតេជគុណ ផន ចាន់រះ បានទទួលស្គាល់ថា «ព្រះអង្គពិតជាបានថតរូបភាព និងប្រើអត្តចរិតអាកប្បកិរិយាមិនសមរម្យ ក្នុងភេទជាអ្នកបួសពិតប្រាកដមែន ហើយព្រះអង្គសុំធ្វើកែប្រែអត្តចរិតអាកប្បកិរិយានេះឡើងវិញ ព្រមទាំងបានទទួលស្គាល់ទោសកំហុសដែលបានប្រព្រឹត្តផងដែរ»

 លោក បៀវ ថាន មន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុក បានឯកភាពលើសង្ឃដីកាព្រះមន្ត្រីសង្ឃសាលាអនុគណ និងការស្នើសុំរបស់ព្រះតេជគុណ ផន ចាន់រះ រួមទាំងផ្តាំផ្ញើ និងចូលរួមមតិ ពាក់ព័ន្ធច្បាប់ព្រះពុទ្ធសាសនា និងច្បាប់រដ្ឋ លើការគ្រប់វិស័យវិស័យសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ ស្នើសុំឲ្យព្រះតេជគុណ ផន ចាន់រះ ធ្វើកិច្ចសន្យាជាមួយ ព្រះមន្ត្រីសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាបាននូវការទទួលអនុវត្តនាពេលខាងមុខបន្តទៀត។

 អង្គកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយករណីព្រះសង្ឃព្រះនាម ផន ចាន់រះ សង្ឃអង្គនោះបានធ្វើកិច្ចសន្យាមួយចំនួន៖ ១- លុបចោលរូបភាពពីបណ្តាញសង្គម (TikTok និង Facebook) ចេញទាំងអស់, ២- សូមធ្វើការកែប្រែអត្តចរិត អាកប្បកិរិយា អោយមានលក្ខណៈសម្បត្តិសមរម្យក្នុងភេទ ជាបព្វជិត, ៣- ត្រូវមានទីតាំងកន្លែងគង់នៅអោយបានពិតប្រាកដ ដើម្បីបានបន្តការសិក្សារៀនសូត្រ, ៤- បញ្ឈប់ការថតបង្ហោះរូបភាពផ្សេងៗ ដែលមានលក្ខណៈជាមនុស្សខ្ទើយ (ភេទទី៣) ដែលមានការពាល់ប៉ះតំលៃព្រះពុទ្ធសាសនា, ៥- ត្រូវគោរពច្បាប់ព្រះវិន័យព្រះពុទ្ធសាសនា អោយបានខ្ជាប់ខ្ជួន ។

 កិច្ចសន្យានេះ មានអានុភាពជាគតិយុត្តិ ចាប់ពីពេលនេះតទៅ ក្នុងករណីមិនកែប្រែសាមីអង្គត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ព្រះពុទ្ធសាសនា និងច្បាប់រដ្ឋផងដែរ៕