2023-12-20 10:12
199

ភ្នំពេញ៖ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់ជនសង្ស័យដែលបើកបររថយន្ត Jeep Overland ជាពិសេសអាណាព្យាបាលគួនាំកូនប្រុសមកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋានរាជធានីភ្នំពេញ «កុំរត់គេចខ្លួនបែបនេះ វាមិនអាចគេចពីផ្លូវច្បាប់មួយជីវិតបានទេ!»។ 
     លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានធ្វើការអំពាវនាវយ៉ាងដូច្នេះថា «សូមក្មួយប្រុសជាជនសង្ស័យ បើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក ឬ អាណាព្យាបាលសូមនាំកូនប្រុស មកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី»។ 
    លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់បន្ថែមថា «កុំរត់គេចខ្លួនបែបនេះវាមិនអាចគេចពីផ្លូវច្បាប់មួយជីវិតបានទេ! សមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តន៍ច្បាប់ចំពោះករណីនេះបានទេ (ដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា បើនៅតែបន្តគេចខ្លួន សមត្ថកិច្ចនិងបន្តសុំដីកាតាមរកចាប់ខ្លួនបន្តទៀតហើយ)»។ 
   សូមបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យចូលខ្លួន ចំពោះជនសង្ស័យឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ភេទប្រុស កើតថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០០ ជនជាតិខ្មែរ អាសយដ្ឋានស្នាក់នៅផ្ទះលេខ ៥២០ ផ្លូវលេខ ៦៣ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការដើម្បីធ្វើការស្ដាប់ចម្លើយ។ 
    ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមានមនុស្សស្លាប់ ដែលបង្កឡើងដោយភាគីអ្នក បើកបររថយន្តនេះ តំណាងអយ្យការមានភស្តុតា  បង្ហាញថា «ឈោ្មះ ព្រហ្ម វិចិត្រសុសក្កា ជាអ្នកបើកបររថយន្ត ប៉ុន្តែក្រោយពីបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ ហើយមិនដឹងថានៅទីណា» ។ 
   តំណាងអយ្យការ បានបញ្ជាក់ថា «ដើម្បីធានាដល់ការអនុវត្តច្បាប់ឲ្យមានប្រសិទ្ឋិភាព ហេតុដូច្នេះចេញបញ្ជឲ្យកម្លាំងសមត្ថកិច្ចនាំបុគ្គលឈោ្មះ ព្រហ្ម វិចិត្រសុសក្កាផងដែរ»៕