2024-01-09 10:01
411

ភ្នំពេញ៖ ចំពោះបេក្ខជនទាំងអស់ ដែលបានសិក្សារៀនសូត្រ រហូតដល់ទទួលបានលទ្ធផលល្អប្រសើរ និទ្ទេស A ដោយសារមានការចូលរួមខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេស តួអង្គ ០៥សំខាន់ៗ។ នេះជាប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ បេក្ខជនជាប់និទ្ទេស A ទាំង ១ ៦៩១ នាក់ និង បេក្ខជន និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ ចំនួន ១៨នាក់ ស្រី ១៤នាក់ នាព្រឹកថ្ងៃទី០៩ មករា ឆ្នាំ២០២៤ នេះ ដែលរៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថាៈ «សម្រាប់បេក្ខជនជាប់និទ្ទេស A ទាំង ១ ៦៩១នាក់ អាចទទួលបានលទ្ធផលល្អប្រសើរនេះទៅបាន គឺដោយសារមានការចូលរួមខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសតួអង្គ ០៥សំខាន់ ដែលមិនអាចអត់គ្នាបាន»។

តួអង្គទី១⁃ ក្មួយៗសិស្សានុសិស្សខ្លួនឯងផ្ទាល់បានខិតខំរៀនសូត្រហើយហ្មត់ចត់យកចិត្តទុកក្នុងការរៀន ប៉ុន្តែរៀនចេះហើយអត់បានហ្មត់ចត់ក៏អត់ទទួលលទ្ធផលល្អដែរ ដោយជំនះរាល់ឧបសគ្គ មិនងថាជីវភាពគ្រួសារ មិនឱកាស និងទីតាំងភូមិស្រុកលំបាកតស៊ូខិតខំដើររហូតទទួលបានជោគជ័យ។

តួអង្គទី២⁃ ការយកចិត្តទុកដាក់បង្រៀនពីលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបណ្តុះបណ្តាលនៅសាលាតាំងពីថ្នាក់មេត្តេយ្យ បឋមសិក្សា ជាពិសេសលោកគ្រូ អ្នកគ្រូថ្នាក់ទី១២នេះឯង សមិទ្ធថ្ងៃនេះពេលអ៊ុតលទ្ធផលនិទ្ទេស A នោះតាមសាលានិមួយៗប្រាកដកជាគិតថាជាសិស្សរបស់ណាដែរ។

តួអង្គទី៣⁃ ការជួយជ្រោមជ្រែងពីមាតាបិតា-អាណាព្យាបាលរបស់សិស្សានុសិស្ស ទាំងអស់ បើគ្មានការជំរុញលើកទឹកចិត្តឱ្យក្មួយៗបានរៀនសូត្រ មានឪពុកម្តាយខ្លះមានជីវភាពលំបាក ប៉ុន្តែខិតខំធ្វើយ៉ាងណាដើម្បីបានរៀនសូត្រដល់ថ្នាក់១២ មិនថាអ្នកជាប់់និទ្ទេស A, B, C….ឬអ្នកមិនជាប់ទេ ប្រឡងទី១២ហើយការពុះពាររបស់ឪពុកម្តាយ ដើម្បីតស៊ូឱ្យបានបន្តទៅមុខទៀត។

តួអង្គទី៤⁃ ដោយមានការយកចិត្តទុកដាក់របស់ ក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរភូមិ ឃុំ ស្រុកខណ្ឌ រាជធានី ខេត្ត មន្ទីរអប់រំ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ គណៈគ្រប់គ្រងសាលា អាជ្ញាធរពាក់ព័ន្ធក្នុងការជួយជំរុញដើម្បីអប់រំឱ្យបានល្អ ក៏ដូចជាការដឹកនាំចូលរួមការចូលរួមប្រឡងនាពេលកន្លងមក បានសុក្រឹត្យ និងយុត្តិធម៌ ក្នុងនោះក៏មានការរួមចំណែកពីសហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័ន ព្រមទាំងអ្នកស្ម័គ្រចិត្តផ្សេងៗទៀត ធានាបានថា «អ្នកចេះគឺជាប់» អ្នកជាប់ ជាប់ដោយមោទន និងអ្នកធ្លាក់ ធ្លាក់ដោយអស់ចិត្ត។

តួអង្គទី៥⁃ ការចូលរួមរបស់មហាជន បងប្អូន មិត្តភ័ក្ត រួមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ដែលបានខ្នះខ្នែងផ្តល់លទ្ធភាពបំពាក់បំប៉នសមត្ថភាព ដល់សិស្សានុសិស្សនៅមុនការប្រឡង ដើម្បីជួយក្មួយៗសិស្សានុសិស្ស ទទួលបានលទ្ធផលល្អក្នុងការសិក្សា និងការប្រឡង ដោយជោគជ័យ រហូតទទួលបានជ័យលាភីនិទ្ទេស A នេះ៕