2024-01-15 11:01
287

សៀមរាប៖ តំណាងអយ្យសាលាដំបូងខេត្តសៀមរាប បានបានសម្រេចដោះលែង និងអនុញ្ញាតឱ្យជនសង្ស័យទាំងពីរនាក់ ជាបុគ្គលិកសណ្តាប់ធ្នាប់អាជ្ញាធរជាតអប្សរា ដែលបង្កអំពើហិង្សាលើអ្នកលក់កូនអណ្តើក ឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្តោះអាសន្ន។ ដោយឡែកសំណុំរឿងនេះ តំណាងអយ្យការនឹងត្រូវបន្តចាត់ការទៅតាមនីតិវិធី ស្របតាមច្បាប់។ 
   នេះបើយោតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យតំណាងឯកយ្យការសាលាដំបូងខេត្តសៀមរាប ដែលអង្គភាព msj ទទួលបាននៅយប់ថ្ងៃទី១៤ ខែមករានេះ។ 
    ការដោះលែងបុគ្គលិកអាជ្ញាធរអប្សរា ដែលប្រព្រឹត្តហិង្សាលើអ្នកលក់អណ្តើកនៅមុខប្រាសាទអង្គវត្ត ធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដោយសម្អាងអង្គហេតុ អង្គច្បាប់ និងហេតុផលថាៈ «ជនសង្ស័យទាំង ០២នាក់ បានសម្តែងនូវការសោកស្តាយជាខ្លាំងនូវអំពើប្រព្រឹត្ត និងទទួលស្គាល់ថាជាកំហុស, បានធ្វើការសុំទោសដល់អាណាព្យាបាល និងជនរងគ្រោះ, បានសងសំណងសមរម្យដល់ជនរងគ្រោះ ហើយជនរងគ្រោះបានដកពាក្យបណ្ដឹង និងឈប់ប្តឹងក្នុងរឿងនេះតទៅទៀត, មានមេធាវីបានដាក់ពាក្យស្នើសុំធានាត្រឹមត្រូវដល់ជនសង្ស័យ ថានឹងចូលខ្លួនមកវិញនៅគ្រប់ ដំណាក់កាលនីតិវិធីរបស់តុលាការ និង ជនសង្ស័យទាំងពីរ មានប្រពន្ធ និងកូនតូចៗក្នុងបន្ទុកជាច្រើននាក់ដែលត្រូវមើលថែរក្សា»។

   អ្នកនាំពាក្យអយ្យការបានបញ្ជាក់ថាៈ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ អយ្យកាអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៥៨ ចុះថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២៤ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលមានជនសង្ស័យចំនួន ២នាក់ រួមមាន៖ ទី១- ឈ្មោះ សុខ សឿន ភេទប្រុស អាយុ ២៣ឆ្នាំ និង ទី២- ឈ្មោះ ហៃ រដ្ឋា ភេទប្រុស អាយុ ៣១ឆ្នាំ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាទៅលើជនរងគ្រោះឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំ ដើម្បីចាត់ការជាសមត្ថកិច្ច។ 
    បន្ទាប់ពីបានពិនិត្យចម្លើយជនរងគ្រោះ ចម្លើយជនសង្ស័យ ចម្លើយសាក្សី និងឯកសារជាភស្តុតាង នានានៅក្នុងសំណុំរឿង អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប សូមជម្រាបជូនសាធារណជន ជ្រាបដូចខាងក្រោម៖ 
១- ជនរងគ្រោះឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំ ជានីតិជន និងបក្ខពួកបាននាំគ្នាទៅចាប់សត្វអណ្ដើកនៅក្នុងកសិន្ទុអង្គរ បំពានការហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកទស្សនាប្រាសាទអង្គរវត្ត។ 
ក្នុងអំឡុងពេលបំពេញភារកិច្ចប្រចាំការមើលការខុសត្រូវនៅទីកន្លែងកើតហេតុ ជនសង្ស័យឈ្មោះ សុខ សឿន និង ឈ្មោះ ហៃ រដ្ឋា បានចុះទៅធ្វើការហាមឃាត់ និងណែនាំឈ្មោះ ណុល សំណាង និងបក្ខពួកកុំឱ្យប្រព្រឹត្តអំពើទាំងនេះតទៅទៀត ប៉ុន្តែជាការឆ្លើយតប ជនរងគ្រោះឈ្មោះ ណុល សំណាង មិនបានគោរពតាមការណែនាំរបស់អាជ្ញាធរនោះទេ ហើយបានជេរប្រមាថមកលើអាជ្ញាធរវិញទៀតផង ទើបធ្វើឱ្យជនសង្ស័យទាំងពីរខាង លើមានការខឹងសម្បារ និងជ្រុលជ្រួសឈានទៅដល់ការប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះតែម្តង។ 
២- នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ និងនៅដំណាក់កាលអយ្យការ ជនសង្ស័យទាំងពីរនាក់រ បានសម្តែងនូវការសោកស្តាយជាខ្លាំងនូវអំពើប្រព្រឹត្ត និងទទួលស្គាល់ថាជាកំហុសរបស់ខ្លួន ដែលបានវាយទៅលើជនរងគ្រោះឈ្មោះ ណុល សំណាង។ 
- បានធ្វើការសុំទោសដល់អាណាព្យាបាល និងជនរងគ្រោះ។ 
បានសងសំណងសមរម្យដល់ជនរងគ្រោះ ហើយជនរងគ្រោះបានដកពាក្យបណ្ដឹង និងឈប់ ប្តឹងក្នុងរឿងនេះតទៅទៀត។ 
- មានមេធាវីបានដាក់ពាក្យស្នើសុំធានាត្រឹមត្រូវដល់ជនសង្ស័យ ថានឹងចូលខ្លួនមកវិញនៅគ្រប់ ដំណាក់កាលនីតិវិធីរបស់តុលាការ។ 
- ជនសង្ស័យទាំងពីរ មានប្រពន្ធ និងកូនតូចៗក្នុងបន្ទុកជាច្រើននាក់ដែលត្រូវមើលថែរក្សា។

៣- ផ្អែកតាមលទ្ធផល នៃការស៊ើបអង្កេត ការពិនិត្យឯកសារ និងភស្តុតាងនានាក្នុងសំណុំរឿង អយ្យការអមសាលាដំបូងខេត្តសៀមរាប ឃើញថា «ករណីនេះ ជាបទល្មើសហិង្សាមិនមានលក្ខណៈធ្ងន់ធ្ងរមិនបង្ករឱ្យមានព្យសនកម្ម ឬរបួសធ្ងន់ធ្ងរ ឬពិការអចិន្ត្រៃយ៍ដល់ជនរងគ្រោះឡើយ»។ 
៤- ផ្អែកលើអង្គហេតុ អង្គច្បាប់ និងហេតុផលក្នុងចំណុចទី២ខាងលើ តំណាងអយ្យការបានសម្រេច អនុញ្ញាតឱ្យជនសង្ស័យទាំងពីរនាក់ វិលត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្តោះអាសន្ន ដោយឡែកសំណុំរឿង នេះ តំណាងអយ្យការនឹងត្រូវបន្តចាត់ការទៅតាមនីតិវិធី ស្របតាមច្បាប់។ 
    សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ កន្លងទៅមានករណីប្រើប្រាស់អំពើ ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ទៅលើក្មេងដែលលក់សត្វអណ្ដើកម្នាក់ នៅក្នុងបរិវេណកសិន្ទុប្រាសាទអង្គរវត្ត នៅចំណុចស្ពានបណ្ដែតទឹក មុខប្រាសាទអង្គរវត្ត ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប៕