2024-01-22 12:01
125

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ម្សិលមុិញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការបញ្ជូនខ្លួនតារាចម្រៀង និងសម្តែង កែវ ពិសី ហៅ រតនៈ ពិសី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការសាកសួរ ក្រោយចាប់ខ្លួនពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វ កិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរ បាន។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានដឹងថា តារាសម្តែង កែវ ពិសី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ឈ្មោះ ផាន់ សូរិយា ភេទស្រីអាយុ៣១ឆ្នាំដោយបានប្តឹងចោទ ពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលកំឡុងថ្ងៃទី ១៣ ខែ មេសាឆ្នាំ ២០២៣  ។

គួររំលឹកថាតារាសម្តែង កែវ ពិសី  ធ្លាប់ត្រូវបានសមត្ថកិច្ចកោះហៅឲ្យចូលទៅបំភ្លឺជុំវិញករណីចេញសែកគ្មានសាច់ប្រាក់ (សែកស្អុយ) តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលបានដាក់ ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

រហូតមកពេលនេះគេមិនទាន់ដឹងទេតើវាសនារបស់តារាចម្រៀង និងសម្តែង កែវ ពិសី ទៅជាយ៉ាងណាខណៈកំពុងស្ថិតក្នុងដំណើការសាកសួរពីតំណាងអយ្យការនៅឡើយនោះ៕