បាត់ដំបង៖ អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ចាម និងបក្ខពួក ជាមន្ត្រីកងរាជអាវុធហត្ថ បានធ្វើការគំរាមកំហែងលើស្ត្រីអ្នកលក់គ្រឿងបន្លាស់ គ្រឿងតុបតែលំអរថយន្តដោយពុំដឹងមូលហេតុច្បាស់លាស់ ខណៈពេលនេះ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលទៅតំណាងអយ្យការសាលាដំបូងខេត្តបាត់ដំបង ដើម្បីស្វែងរកយុត្តិធម៌ ។
ស្ត្រីឈ្មោះ ថន ចាន់ឌី អាយុ ៤៩ឆ្នាំ មានមុខរបរ លក់គ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្ត មានទីលំនៅ ភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុង-ខេត្តបាត់ដំបង បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ បុរសម្នាក់ មានឈ្មោះ កុយ រុំ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ពីបទ «គំរាមកំហែង» ប្រើឈ្មោះស្ថាប័នតុលាការជាខ្នងបង្អែកអមដោយមន្ត្រីកងរាជអាវុធហត្ថ ៣ទៅ៤នាក់ ខណៈដែលអ្នកស្រីមិនដឹងរឿងអ្វីសោះ ។
នេះបើយោងតាមពាក្យបណ្តឹងដែលក្រុមការងារទទួលបាននៅរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ បានដាក់ចូលទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបងរួចហើយ ។
យោងតាមខ្លឺមសារ នៃបណ្ដឹងរបស់ស្ត្រីឈ្មោះ ថន ចាន់ឌី ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានរៀបរាប់ថា៖ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ឈ្មោះ កុយ រុំ ភេទប្រុស អាយុ ៤៨ឆ្នាំ បានមកឈប់ឡាននៅពីមុខផ្ទះរបស់ខ្ញុំមួយសន្ទុះធំ និងយកទូរសព្ទថតរូបនាងខ្ញុំផងដែរ ហើយសម្លឹងមើលមកនាងខ្ញុំក្នុងក្រសែភ្នែកមានកំហឹងខ្លាំង។ ពេលនោះក៏មានឡាន ០១គ្រឿងទៀត និងមានមនុស្សប្រុស ០២នាក់ជិះម៉ូតូ ០១គ្រឿង មកជាមួយផងដែរ តែនាងខ្ញុំមិនដឹងពួកគាត់ប៉ុន្មាននាក់ទេ ព្រោះរថយន្តបិទកញ្ចកខ្មៅ ។
ក្នុងបណ្តឹងរបស់ស្ត្រីរងគ្រោះក៏បានរៀបទៀតថា៖ ដោយការងឿងឆ្ងល់នាងខ្ញុំក៏បានដើរទៅនោះកញ្ចក់ឡាន សួរគាត់ថា បងមានការអ្វីដែរ? បងចង់ធ្វើឡានមែន? ពេលនោះឈ្មោះ កុយ រុំ បានបង្ហើបកញ្ចក់បន្តិច និងនិយាយថា «អត់ធ្វើទេ! ចាំតុលាការមកសិនឲ្យតុលាការនាំគាត់ចូល» ។
តាមបណ្តឹងស្ត្រីរងគ្រោះបានបញ្ជាក់ថា៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ប្ដីរបស់នាង ខ្ញុំបានចូលទៅខមិនក្នុងហ្វេសបុករបស់ឈ្មោះ «MA KO» ដែលត្រូវជាប្អូនរបស់ឈ្មោះ កុយ រុំ ថា «គ្រប់យាងវាមកពីយើងទេ បើទោះបីមានភរិយាជប់មកស្លអោយឆ្ងាញ់ប៉ុនណាក៏យើងមិនចេះបាយផ្ទះយើងចូលចិត្តបាយក្រៅផ្ទះនៅពេលដែលគេចាប់តាំងផុសថាខ្លាចហើយចិត្តស្រី មើលខ្ញុំសួបងៗស្រីដែលមានប្ដីចូលចិត្តបាយក្រៅផ្ទះពេលចាប់បានសួរថាបងៗស្រីនៅត្រំរទៅទៀតរឺមួយលេងវាចោលខ្ញុំវិញមិនធំទ្រទេហើយខ្ញុំសួរបងៗប្រុសៗនៅពេលប្រពន្ធទៅញាំបាយក្រៅផ្ទះទៀត រឺមួយនៅទ្រាំ»។ បន្ទាប់ពីការខំមិនរបស់ប្ដីខ្ញុំ ក៏មានហ្វេសបុកឈ្មោះ «MA KO» ដែលត្រូវជាប្អូន ប្រុសរបស់ឈ្មោះ កុយ រុំ នាក់មកប្តីនាងខ្ញុំថា «វារអីហែង បានចូលខំមិនអញហែងមានសិទ្ធិអី» ។
នៅរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ មិនអាចស្វែងរកការទំនាក់ទំនងសុំការបំភ្លឺពីលោក កុយ រុំ ដែលរងការប្ដឹងពីស្ត្រីអ្នកលក់គ្រឿងបន្លាស់ និងគ្រឿងលំអរថយន្តដោយចោទប្រកាន់ពីបទៈ «គំរាមកំហែង» បាននោះទេ ហើយអង្គភាពយើងខ្ញុំ រងចាំទទួលការបកស្រាយគ្រប់ពេលវេលាផងដែរ ៕