2024-01-31 05:01
154

សហព័ន្ធកីឡាវាយសីកម្ពុជា ទទួលបានការឧបត្ថម្ភសម្ភារពីលោក គីម យ៉ុងស៊ូ (Kim Jong Soo) ប្រធានសហព័ន្ធកីឡាវាយសីអាស៊ី (BA) សម្រាប់ចែកជូនដល់កីឡាករ-កីឡាការិនីជម្រើសជាតិប្រើប្រាស់ក្នុងការហ្វឹកហាត់ប្រចាំថ្ងៃ ។ ពិធីប្រគល់និងទទួលសម្ភារនេះ បានធ្វើឡើងនៅទីលានហ្វឹកហាត់របស់សហព័ន្ធ នៃពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអង្គារម្សិលម៉ិញ ។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា ការឧបត្ថម្ភសម្ភារហ្វឹកហាត់ខាងលើ ស្របពេលលោក គីម យ៉ុងស៊ូ (Kim Jong Soo) មកបំពេញ បេសកកម្មការងារនៅកម្ពុជា ដោយសម្ភារៈទាំងនោះ មានដូចជា រ៉ាកែត កាបូប ស្បែកជើង និងប្រដាប់រុំរ៉ាកែតជាដើម ដែលសុទ្ធសឹងជាផលិតមានគុណភាពខ្ពស់ ស្របតាមស្ដង់ដារ សម្រាប់ចែកជូនក្រុមជម្រើសជាតិប្រើប្រាស់ ។

លោកបានចាត់ទុកនេះ គឺជាការយកចិត្តទុកដាក់ និងលើកទឹកចិត្តមួយដ៏សំខាន់ សម្រាប់សហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងនាមសមាជិក BA ដ្បិតកន្លងមកលោក Kim Jong Soo តែងឧបត្ថម្ភសម្ភារៈ និងជំនួយបច្ចេកទេសផ្សេងៗ ជាក់ស្ដែងបច្ចុប្បន្នលោក បានបញ្ជូនគ្រូបង្វឹកជនជាតិកូរ៉េកម្រិតពិភពលោកម្នាក់ មកបង្ហាត់ដល់ក្រុមជម្រើសជាតិកម្ពុជា ដោយមិនគិតកម្រៃផងដែរ ពោលគឺសហព័ន្ធរ៉ាប់រងតែថ្លៃស្នាក់នៅ-ហូបចុកប៉ុណ្ណោះ ៕