2024-02-05 04:02
190

បន្ទាយមានជ័យ៖ មន្ត្រីពន្ធនាគារម្នាក់តុលាការខេត្តន្ទាយមានជ័យកាត់ទោសកំណត់ដាក់គុក ២ឆ្នាំ ៦ខែ ទោសនេះត្រូវព្យួរ ពីបទៈ «បើកបរធ្វេសប្រហែល ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់អ្នកដទៃ» និងបង្គាប់ឲ្យសងសំណង ៣០លានរៀលឲ្យដើមបណ្តឹង ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះមិនទាន់ទទួលបានសំណងនៅឡើយក៏បានប្តឹងឧទ្ធរណ៍ ខណៈជនបង្ករស់នៅមានសេរីក្រៅឃុំយ៉ាងរំភើយ។ 

យោងតាមពាក្យបណ្តឹងឧទ្ធរណ៍របស់ឈ្មោះ អំ សាមឿន ហៅ លិន អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ភូមិកណ្តាលកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និង ឈ្មោះ ទង់ គឹមឈន អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិ អណ្តូងកណ្តាល ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ សុំប្តឹងឧទ្ធរណ៍នឹងសាលក្រមព្រហ្មទណ្ឌហ្មទណ្ឌលេខ ០៥ “ខ”/២៣ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ របស់ សាលាដំបូងខេត្តបន្ទាយមានជ័យ ត្រង់ចំណុចទាំងមូលនៃសេចក្តីសម្រេចដោយហេតុថា៖ «សាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចសេចក្ដីមិនយុត្តិធម៌»។ 

សូមជម្រាបថា សាលាដំបូងខេត្តបន្ទាយមានជ័យ បានបើកសាវនាការជាសាធារណៈ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង៣០នាទីព្រឹក និងបានប្រកាសជាសាធារណៈ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានសមាសភាព ដូចតទៅ៖ លោក ហេង កេសរោ ជាចៅក្រមជំនុំជម្រះ, តំណាងអយ្យការ លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង, ក្រឡាបញ្ជីសវនាការ លោក ធួន សេរី ដើម្បីជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌលេខ ២៩៧ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ដែលមានជនជាប់ចោទ ឈ្មោះ វៀន លីគុយសេង ភេទប្រុស កើតឆ្នាំ១៩៩៣ សញ្ជាតិខ្មែរ សាសនាព្រះពុទ្ធ មុខរបរ ជាមន្ត្រីពន្ធនាគារ កម្រិតវប្បធម៌ ថ្នាក់បរិញ្ញាបត្រ ទីកន្លែងកំណើតភូមិនាងកេត ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អាសយដ្ឋាន ភូមិនាងកេត ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ឪពុកឈ្មោះ ចន ឆា “រស់” ម្តាយឈ្មោះ ប៉ុក ណាឌី “រស់” ប្រពន្ធឈ្មោះ រុំ ស្រីពៅ មានកូន ចំនួន ០២នាក់ ជានីតិជន ទោសពីមុនគ្មាន (ក្រៅឃុំ)។ 

តុលាការបានសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលេខ ៣៥៤៦ ពស.ព្រស “ឌ” ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពីបទៈ «បើកបរធ្វេសប្រហែល ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់អ្នកដទៃ» ប្រព្រឹត្តនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលលិចទី៣១ ខែមករា ឆ្នាំ២០២២។ 

សាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេច ផ្តន្ទាទោសលើឈ្មោះ រៀន លីគុយសេង ភេទប្រុស អាយុ ៣០ឆ្នាំ ជានីតិជន កំណត់ដាក់ពន្ធនាគាររយៈពេល ០២ (ពីរ) ឆ្នាំ ០៦ (ប្រាំមួយ) ខែ ទោសនេះព្យួរធម្មតា ពីបទៈ «បើកបរធ្វេសប្រហែល ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់អ្នកដទៃ» ប្រព្រឹត្តនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែមក រា ឆ្នាំ២០២២ បទល្មើសដែលមានបញ្ញត្តិអោយផ្តន្ទាទោសតាម មាត្រា ៨៥ ចំណុច នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងមាត្រា ១០៧ នៃក្រមព្រហ្មទណ្ឌ។ 

ក្នុងសាលដីកាតុលាការបានបង្គាប់ឲ្យឈ្មោះ វៀន លីគុយសេង សងសំណង ចំនួន ៣០.០០០.០០០ (សាមសិបលាន)រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ អំ សាមឿន និងសងសំណងជម្ងឺចិត្ត ខាតពេលវេលា និងថ្លៃព្យាបាល ចំនួន ៣០.០០០.០០០ (សាមសិបលាន)រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ទង់ គឹមឈន។ 

ចំពោះការទាមទារលើសពីនេះ ត្រូវបានច្រានចោល សាលក្រមនេះជំនុំជម្រះ ជាសាធារណៈ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ និងប្រកាសជាសាធារណៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ចំពោះមុខដើមបណ្តឹងរដ្ឋប្បព៌ា និងកំបាំងមុខជនជាប់ចោទ និងបើកផ្លូវប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។ 

ក្រោយការប្រកាសសាលក្រមរបស់តុលាការ ដើមបណ្តឹងមិនសុខចិត្តដោយហេតុថា សាលាដំបូងខេត្តបន្ទាយមានជ័យ សម្រចសេចក្តីមិនយុត្តិធម៌ ឲ្យពិរុទ្ធជនឈ្មោះ វៀង លីគុយសេង ដែលជាជនបង្កបើកឡានបុកជនរងគ្រោះស្លាប់ និងរបួស ត្រូវផ្តន្ទាទោស ២ឆ្នាំ ៦ខែ ទោសត្រូវបានព្យួរ មានន័យថា ពិរុទ្ជជនរសនៅមានសេរីភាពខាងក្រៅឃុំ និងមិនទាន់ទទួលបានសំណងនៅឡើយទេ ទើបសម្រេចប្តឹងឧទ្ធរណ៍តែម្តង។

 បើតាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះ បានអោយដឹងថា ជនល្មើសមិនសងសំណងតាមការសម្រេចរបស់តុលាការ លើគ្រួសារជនរងគ្រោះម្នាក់ ៣០លានរៀល ប្រហែលជាជននេះអាងខ្លួននៅក្រៅឃុំមានសេរីភាពធម្មតា និងមានម្តាយជាអភិបាលរងខេត្តផងដែរ។ 

 ក្រុមគ្រួសារជនរងគ្រោះសំណូមពរដល់សាលាឧទ្ធរណ៍ មេត្តាជួយរកយុត្តិធម៌ ជូនដល់គ្រួសារគាត់ដែលរងគ្រោះ ដែលមានរយៈពេលពីរឆ្នាំមិនបានទទួលភាពយុត្តិធម៌ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់លើសុខទុក្ខពលរដ្ឋ ដោះស្រាយភាពអយុត្តិធម៌ជូនពលរដ្ឋគ្រប់ទីកន្លែង៕