2024-02-06 01:02
146

ក្រុមបាល់ទាត់យុវជនអាយុក្រោម១៧ឆ្នាំ ទីហ្វីអាមី អេហ្វស៊ី (TIFFY ARMY FC) បានធ្វើ ដំណើរ មកដល់មាតុប្រទេសវិញហើយ កាលពីព្រឹកថ្ងៃ ទី៥ ខែ កុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ ពីបានគ្រងជើងឯកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពអន្តរជាតិ ហ្វ៊ូលីន ខាប់(Fulin cup )2024 នៅសាធារណរដ្ឋប្រជាមានិតចិន ។ វត្តមានក្រុមបាល់ទាត់យុវជនទីហ្វីអាមីត្រូវបាន ទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ  និង ជា អគ្គលេខាធិការសមាគម បាល់ទាត់ កងយោធពលខេមរភូមិន្ទ (TIFFY ARMY FC )។

នៅអាកាសយានដ្ឋាន អ្ន្ដរជាតិភ្នំពេញ ឯកឧត្តម នាយកមជ្ឈមណ្ឌល កីឡា កងយោធពលខេមរភូមិន្ទ បានបញ្ជាក់ ថា ការប្រកួតបាល់ទាត់ពាន រង្វាន់មិត្តភាពអន្តរជាតិ ហ្វ៊ូលីន ខាប់ (Fulin cup) 2024នេះ មានក្រុមចូលរួម ប្រកួតជាច្រើន ។ក្នុងនោះ ក្រុមបាល់ទាត់យុវជនអាយុក្រោម១៧ របស់ TIFFY ARMY FC ជាអ្នកគ្រងជើងឯក បន្ទាប់ពីឆ្លងកាត់ចំនួន៨ ប្រកួត ដោយយកឈ្នះ៧ប្រកួត និងស្មើមួយប្រកួត។

ឯកឧត្តម បន្តថា សម្រាប់ការប្រកួតមួយនេះ បន្ទាប់ពី ក្រុមបាល់ ទាត់អាយុក្រោម១៧ឆ្នាំ TIFFY ARMY FCរបស់យើងលើកពាន គឺទទួលបានផលចំណេញច្រើន ដែលបានបង្ហាញឱ្យចិនឃើញថា ក្រុមយុវជនអាយុក្រោម១៧ឆ្នាំ របស់TIFFY ARMY FC មានសក្ដានុពល ធ្វើឱ្យ ក្រុមរបស់យើងទទួលបានឱកាសទៅប្រកួត នៅចិនកាន់ តែច្រើន ដែលស្របទៅនិងយុទ្ធសាស្ដ្រ អភិវឌ្ឍសមត្ថភាព បទពិសោធន៍ និង បច្ចេកទេសក្លាយជាទំពាំងស្នងឬស្សីសម្រាប់ក្លិប និងប្រទេស ជាតិនៅរយៈពេល២ឬ៣ឆ្នាំខាងមុខនេះ។ 

ឧត្តមសេនីយ៍ទោ ខូវ ឆាយ បានបន្ថែមទៀតថា សម្រាប់ ក្រុម យុវជន TIFFY ARMY FC ក្រៅពីការអភិវឌ្ឍ សមត្ថភាព ការហ្វឹកហាត់នៅនឹងកន្លែង មជ្ឈមណ្ឌលកីឡាកង យោធពល ខេមរភូមិន្ទ នឹងបញ្ជូនពួក គេទៅប្រកួតនិងហ្វឹកហាត់ នៅ ក្រៅប្រទេសបន្តទៀតដែរ ដើម្បីបង្កើនកម្រិតបច្ចេកទេស និងបទ ពិសោធន៍ ឲ្យកាន់តែប្រសើរ រួមចំណែកក្នុងការផលិតនូវធនធានបាល់ទាត់វ័យក្មេងដោយ ប្រកបដោយគុណភាព ឆ្ពោះទៅព្រឹត្តិការណ៍ កីឡាយុវជនអាស៊ីនៅ ឆ្នាំ២០២៩ ដែល កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ៕