2024-02-06 02:02
140

លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និង កីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែង នៅក្នុងពិធីបិទការប្រកួត កីឡាប៊ូលីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ថា ការរៀបចំប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ នាពេលនេះ គឺដើម្បីស្វែងរកកីឡាករ កីឡាការិនីឆ្នើមៗ និងមានទេពកោសល្យសម្រាប់ចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិនានានា ពិសេស ស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។

ក្នុងនាមនាយកដ្ឋានជំនាញ លោក បានកោតសរសើរ ដល់សហព័ន្ធកីឡាប៊ូលីងកម្ពុជា ដែលខិតខំ រៀបចំព្រឹត្តិការណ៍នេះឡើង ព្រមទាំង កីឡាករ កីឡាការិនីមកពីបណ្តាក្លឹប ដែលបានចូលរួមប្រកួត បញ្ចេញអស់ពីសមត្ថភាព និងឈរលើគោលការណ៍កីឡា ដើម្បីជំរុញឱ្យព្រឹត្តិការណ៍ទាំងមូលដំណើរការដោយរលូននិងជោគជ័យ។

លោក ប្រធាននាយកដ្ឋានអប់រំកាយ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ញាកោណដំណាក់កាលទី១ ដោយផ្តោត លើការអភិវឌ្ឍធនធានមនុស្ស ក្រសួងអប់រំ យុវជន និងកីឡា ក៏បានកែទម្រង់អនុវិស័យអប់រំកាយ និងកីឡា ឈានទៅរកគុណភាពដណ្ដើមមេដាយការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៥ នៅប្រទេសថៃ។ ព្រឹត្តិការណ៍ដ៏សំខាន់កន្លងមក និងជាប្រវត្តិសាស្ត្រ គឺកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងទទួលបានការកោតសរសើរលើឆាកអន្តជាតិ។

ចំណែក លោក ឆាយ កៀក អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូលីងកម្ពុជា បាន ឲ្យដឹងដែរថា  ការប្រកួតកីឡាប៊ូលីងជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣នេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុបចំនួន ៤២នាក់ ក្នុងនោះកីឡាករ ២០នាក់ និងកីឡាការិនី១១នាក់មកពីកក្លឹបចំនួន៥ ធ្វើឡើង រយៈពេល១០ថ្ងៃ  ជាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកដំបូង ប៉ុន្តែកីឡាករកីឡាការិនីចូលរួមសុទ្ធសឹងតែមានគុណភាព ដែលអាចឲ្យសហព័ន្ធជ្រើសរើសយកទៅបំពាក់បំប៉នបន្ថែមត្រៀមចូលរួមការប្រកួតកម្រិតអន្តរជាតិនៅពេលខាងមុខ។ 

គួរបញ្ជាក់ថា សម្រាប់ជ័យលាភីក្នុងការប្រកួតនេះក្លឹបប្រូប៊ូលស្ព័រ ឈរនៅចំណាត់ថ្នាក់លេខ១ ដណ្តើម បានមេដាយសរុប១៣គ្រឿង មាស៤ ប្រាក់៤ និងសំរឹទ្ធ៥, លេខ២ ក្លឹបប៊្លូអូ អ៊ីអនសែនសុខ មេដាយសរុប៥គ្រឿង មាស២ ប្រាក់២ និងសំរឹទ្ធ១, លេខ៣ ក្លឹបប៉ូលិសប៊ូលីង ឈ្នះមេដាយសរុប ៥គ្រឿង មាស១ ប្រាក់១ និងសំរឹទ្ធ៣, លេខ៤ ក្លឹបប៊ូលអូ អ៊ីអនសុធារស មេដាយមាស ១ និងប្រាក់១  ខណៈ ក្លឹបប៊ូសស្ទ័រ ប៊ូលីង ឈ្នះមេដាយមាស១ និងមេដាយប្រាក់១គ្រឿង៕