2024-02-15 10:02
210

កំពង់ចាម: ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាល និងសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ជាពិសេសមន្រ្តីជំនាញសូមខិតខំទោះបីការងារនៅទីណាក៏ដោយ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការពង្រាយមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាន ឱ្យគៀកប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេវាសុខាភិបាល និងសុខភាពសហគមន៍ នៅខេត្តកំពង់ចាម និងទូទាំងប្រទេសកម្ពុជា។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានការចាប់អារម្មណ៍ពីការពិនិត្យមូលដ្ឋានសុខាភិបាល និងបានវាយតម្លៃខ្ពស់ពីភាពរីកចម្រើន ទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្តាប់ធ្នាប់ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើ ត្រូវខិតខំបន្ថែមទៀតក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ និងស្នើឱ្យថ្នាក់ដឹកនាំ ត្រូវជំរុញការបណ្តុះបណ្តាលដល់មន្រ្តីជំនាញ បន្ថែមទៀតដោយត្រូវបញ្ជូនទៅចូលរួមនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យថ្នាក់ជាតិ។ និងសូមឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំក្នុងការពង្រឹងសេវាសុខាភិបាលឱ្យបានប្រសើរថែមទៀតបន្ថែម ដោយមន្ទីរពេទ្យខេត្តកំពង់ចាម នឹងប្រែក្លាយជាមន្ទីរពេទ្យថ្នាក់តំបន់នាពេលខាងមុខនេះ។ 

ជាមួយគ្នានោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក៏បានស្នើឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍ វិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលផងដែរ ៕