2024-02-15 11:02
178

ខេត្តកំពត ÷ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧របស់ក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០២៤ថា                       វិស័យទេសចរណ៍ សំខាន់ណាស់សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ហើយដើម្បីឲ្យវិស័យនេះ រីកចម្រើន មានឈ្មោះបោះសំឡេងទៅកាន់ឆាកអន្តរជាតិ នោះអាជ្ញាធរ មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ ត្រូវចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ និង ផុសផុល បើគ្មានការផ្សព្វផ្សាយទេ គឺតម្លៃស្មើនឹងសូន្យ អត់ន័យខ្លឹមសារអ្វីទាំងអស់។ 

ឯកឧត្តម អភិបាលខេត្តបានលើកឡើងបន្តថា:  ភូមិសាស្ត្រខេត្តកំពតមានភាពល្អប្រសើរ ទាំងភូមិសាស្ត្ររដ្ឋបាល ភូមិសាស្ត្រសន្តិសុខ និងភូមិសាស្ត្រនយោបាយ ធ្វើឲ្យខេត្តទាំងមូលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ទន្ទឹមនិងនោះខេត្តកំពតមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ (ផ្នែកខាងលើមានភ្នំ កណ្តាលមានវាលទំនាប មានដៃព្រែក ខាងក្រោមមានតំបន់ឆ្នេរសមុទ្រ ) ធ្វើឲ្យមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ  ប៉ុន្តែដើម្បីឲ្យវិស័យទេសចរណ៍កាន់តែមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅលើឆាកជាតិ និងអន្តរជាតិ ទាមទារឲ្យអាជ្ញាធរ មន្ទីរអង្គភាព ផ្សព្វផ្សាយសមទ្ធិផល និងសក្កានុពលលើវិស័យទេសចរណ៍នៅតាមមូលដ្ឋាន ក្នុងដែនការងាររបស់ខ្លួនឲ្យបានល្អ និងផុលផុស។ 

ឯកឧត្តមបានគូសបញ្ជាក់ថាខេត្តកំពតជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញ ដែលបានទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ហើយរដ្ឋបាលខេត្តនឹងធ្វើការដង្ហែពាននេះ នៅថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០២៤នេះ៕