2024-02-20 12:02
105

ក្រសួងមហាផ្ទៃនិងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២៤ បានរៀបចំការប្រកួតកីឡាវាយកូនគោលមិត្តភាព ក្រោមការចូលរួមជាអធិបតីពីសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមយូអីណូអាតស៊ូស៊ិ(UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រួមនឹងឯកឧត្តម នាយឧត្តមសេនីយ៍ អ្នកឧកញ៉ា លោកឧកញ៉ា និង លោកឧត្តមសេនីយ៍ជាច្រើនរូបនៅទីលានកីឡាវាយកូនគោលវឌ្ឍនៈហ្គោលរីសត(Vattanac Golf Resort)។

ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាការរៀបចំការប្រកួតបានបញ្ជាក់ឲ្យដឹងថា ការប្រកួតកីឡាវាយកូនគោលមិត្តភាព ដែលរៀបចំដោយក្រសួងមផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ជាមួយស្ថានទូតជប៉ុនប្រចាំព្រះរាជណាចក្រកម្ពុជា គឺធ្វើឡើង១ឆ្នាំម្តងបានក្លាយទៅជាការប្រកួតមិត្តភាពប្រពៃណី បង្ហាញអំពីទំនាក់ទំនងស្អិតរមួតនៃប្រទេសដែលជាមហាមិត្តនិងគ្នា។ជាក់ស្តែង ការប្រកួតនៅថ្ងៃនេះ គឺកីឡាករនៃប្រទេសទាំងពីរបានធ្វើការប្រកួតជាមួយគ្នា ដោយសាមគ្គីភាព និងមិត្តភាព ដែលជាការបង្ហាញនូវការផ្សារភ្ជាប់សម្ព័ន្ធភាព ប្រទេសជាមិត្តនិងគ្នា ។ 

ឯកឧត្តម រដ្ឋលេខាធិការបានគូសបញ្ជាក់ទៀតថា សម្រាប់ការប្រកួតកីឡាវាយកូនគោលមិត្តភាព ក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុនប្រចាំព្រះរាជណាចក្រកម្ពុជា បន្តរៀបចំជារៀងរាល់ឆ្នាំ ដើម្បីរក្សាប្រពៃណី របស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែល សម្តេច កាលជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរៀបចំជាមួយស្ថានទូតជប៉ុន ពុំដែលខកខាននៃអាណត្តិរបស់ឯកអគ្គរាជទូតណាមួយឡើយ លើកលែងតែក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-19 តែប៉ុណ្ណោះ។ជាមួយគ្នានោះ ជំនួសមុខឱ្យក្រុមការងាររៀបចំការប្រកួត ឯកឧត្តម សរ សិទ្ធិ ក៏បានគោរពថ្លែងអំណរគុណជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញ ជាអធិបតី ដ៏ខ្ពង់ខ្ពស់ចូលរួមនាឱកាសនេះ និងបានថ្លែងអំណរគុណដល់ ឯកឧត្តម យូអីណូ អាតស៊ូស៊ិ (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ អ្នកឧកញ៉ា លោកឧកញា លោកឧត្តមសេនីយ៍ កីឡាករទាំងអស់ដែល អញ្ជើញចូលរួមនៅក្នុងការ ប្រកួតដែលប្រព្រឹត្តទៅដោយរីករាយ មិត្តភាព សាមគ្គីភាពមិនអាចបំភ្លេចបាន។

នាឱកាស ក្នុងពិធីទទួលទានភោជនាហារជុំគ្នា សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវក្តីរីករាយ និងមោទនភាពដែលទទួលបាន ការចូលរួមពី ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់បន្ថែមថា ការប្រកួតវាយកូនគោលមិត្តភាពនេះ ជាការរិតចំណងមិត្តភាពមួយ បង្ហាញពីការស្រលាញ់រាប់អានគ្នា ជាមហាមិត្តល្អ រវាងកម្ពុជា-ជប៉ុនយូរអង្វែងឆ្នាំ ៕