2024-04-08 04:04
30

រដ្ឋធានីប៉េកាំង៖ រហូតមកដល់ពេលនេះ ភាពតានតឹង នៅសមុទ្រចិនខាងត្បូង កំពុងតែបន្ដកើនឡើង ហើយរដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជូនកងទ័ពចិន ចេញល្បាតត្រៀមប្រយុទ្ធ ចំពោះពេលសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ធ្វើសមយុទ្ធយោធា នៅក្នុងដែនទឹកជម្លោះមួយនេះ។

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ ថា កងទ័ពរំដោះប្រជាជនចិន បានអះអាង ថា កងទ័ពរបស់ខ្លួន បានចេញល្បាតត្រៀមប្រយុទ្ធ កាលពីថ្ងៃអាទិត្យ (ទី៦ ខែមេសា) នៅសមុទ្រចិនខាងត្បូង ចំថ្ងៃដែលសហរដ្ឋអាមេរិក បានដឹកនាំកម្លាំងសម្ពន្ធមិត្តរបស់ពួកគេ រួមមាន៖ ហ្វីលីពីន ជប៉ុន និង អូស្រ្ដាលី ធ្វើសមយុទ្ធរួមគ្នាជាលើកដំបូង នៅដែនទឹកជម្លោះ។

សកម្មភាពយោធា នៅក្នុងដែនសមុទ្រមានជម្លោះនេះ បានកើតឡើង ត្រឹមតែប៉ុន្មានប៉ុណ្ណោះ នៅមុនពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បើកកិច្ចប្រជុំកំពូលត្រីភាគី ជាលើកដំបូង ជាមួយនឹងមេដឹកនាំជប៉ុន និង ហ្វីលីពីន ជាមួយនឹងការកើនឡើងនូវភាពតានតឹងកាន់តែខ្លាំង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ដែលកំពុងតែឡើងកម្ដៅ ហើយត្រូវលើកយកមកពិភាក្សាគ្នា នៅក្នុងរបៀបវារៈនេះ។

ទីបញ្ជាការទក្សិណរបស់កងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា «កងទ័ពចិន កំពុងតែរៀបចំល្បាតរួមគ្នា រវាងកងទ័ពជើងទឹក និង កងទ័ពអាកាស នៅសមុទ្រចិនខាងត្បូង។ រាល់សកម្មភាពយោធាទាំងឡាយណា ដែលធ្វើឲ្យស្ថានការណ៍ នៅសមុទ្រចិនខាងត្បូង រញ៉េរញ៉ៃ និង បង្កើតជាចំណុចក្តៅ នៅក្នុងដែនទឹកមួយនេះ»។

ដោយឡែក កងទ័ពហ្វីលីពីន បានបញ្ជាក់ ថា «ការធ្វើសមយុទ្ធរបស់ខ្លួន ជាមួយនឹងសហរដ្ឋអាមេរិក អូស្រ្ដាលី និង ជប៉ុន បានបង្ហាញ អំពីប្រទេសជាច្រើន ចូលរួមប្ដេជ្ញា ពង្រឹងកិច្ចសហប្រតិបត្ដិការ នៅក្នុងតំបន់ និង អន្ដរជាតិ គាំទ្រដល់សេរីភាព និង បើកចំហ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈសមយុទ្ធអន្តរប្រតិបត្តិការ នៅក្នុងដែនសមុទ្រចិនខាងត្បូង»។

ស្របគ្នានេះដែរ ស្ថានទូតជប៉ុន ប្រចាំនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីដំបូង ថា «ការហ្វឹកហ្វឺនពីសង្គ្រាម ប្រឆាំងនឹងនាវាមុជទឹកនេះ នឹងត្រូវបានរាប់បញ្ចូល នៅក្នុងសមយុទ្ធនេះផងដែរ៕