2024-04-08 04:04
26

រដ្ឋធានីណៃពិដោរ៖      ការបង្ក្រាបយ៉ាងឃោរឃៅ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយពេលរដ្ឋប្រហារយោធា ធ្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បាននាំឲ្យមានចលនាបះបោរប្រដាប់អាវុធពាសពេញប្រទេស ងើបឡើងតស៊ូយ៉ាងខ្លាំង ប្រឆាំងនឹងរដ្ឋាភិបាលសឹក ហើយឥឡូវរបបយោធារបស់ប្រទេសអាស៊ានមួយ កំពុងតែធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ក្រោមការវាយប្រហារយ៉ាងសន្ធាប់ ពីក្រុមចលនាតស៊ូចម្រុះ។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ ថា លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីថៃ បានបញ្ជាក់ ថា ឥឡូវជាពេលវេលាដ៏ល្អមួយ ដើម្បីកិច្ចពិភាក្សា ជាមួយប្រទេសមីយ៉ាន់ម៉ា ស្របពេលរបបយោធានៅក្នុងប្រទេសអាស៊ានមួយនេះ កំពុងតែចុះទន់ខ្សោយ។

លោកនាយករដ្ឋមន្រ្ដីថៃ បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយជាមួយ Reuters កាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា  ថា «បច្ចុប្បន្ន របបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងតែចាប់ផ្តើមបាត់បង់កម្លាំងទាហានរបស់ខ្លួន ជាបណ្តើរៗ ប៉ុន្ដែពួកគេនៅតែមានអំណាច... ហើយនៅតែមានគ្រឿងសព្វាវុធទំនើបៗ។ ប៉ុន្តែអ្វីដែលត្រូវតែគួរដល់ពេល ត្រូវបោះដៃទៅរកពួកគេនោះ គឺការស្វែងរកកិច្ចព្រមព្រៀងមួយឲ្យសម្រេចបាន»។

បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ កងទ័ពរបស់របបសឹកមីយ៉ាន់ម៉ា កំពុងតែប្រឈមមុខនឹងភាពតានតឹងយ៉ាងខ្លាំង នៅតាមសមរភូមិជាច្រើន ដើម្បីទប់ទល់នឹងកម្លាំងរបស់ក្រុមចលនាតស៊ូចម្រុះ គាំទ្រដោយរដ្ឋាភិបាលស្រមោល ដែលត្រូវបានបង្កើតឡើង ក្រោយអំពើរដ្ឋប្រហារយោធា នៅពាសពេញប្រទេសមីយ៉ាន់ម៉ា។ ក្រុមចលនាតស៊ូចម្រុះទាំងនេះ បានបង្កើនការវាយលុកដណ្ដើមមូលដ្ឋានទ័ព និង ក្រុងសំខាន់ៗជាបន្តបន្ទាប់ ពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោយរាប់បញ្ចូល ទាំងក្រុងមួយ នៅជាប់ព្រំប្រទល់ប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅនេះ។ នេះជាបញ្ហាប្រឈមមុខដ៏ធំបំផុត សម្រាប់របបយោធាមីយ៉ាន់ម៉ា ចាប់តាំងពីពួកគេ បានធ្វើរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក៕