2024-04-08 05:04
27

ភ្នំពេញ៖ ឧក្រិដ្ឋជនប្រុស-ស្រី ចំនួន ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាប រឹបអូសគ្រឿងញៀន ចំនួន ១៧គីឡូក្រាម និងបង្ហាញមុខនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ នេះ។ 

ប្រតិបត្តិការខាងលើ គឺអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ 

តាមរបាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៧និង២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៦) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហម គន្ធី នាយករង មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ ០២គោលដៅ៖

គោលដៅទី០១៖ មុខខារ៉ាអូខេ ធូស៊ីសធើ (Two sister) ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និង គោលដៅទី២ បន្ទប់ជួលលេខ១១ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនល្មើសទាំង០២នាក់ រួមមាន ទី១៖ ឈ្មោះ គ្រុយ សុខផាត ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨១ និង ទី២៖ ឈ្មោះ ក្រាយ ស្រីមុំ ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨២។ ចំពោះវត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១៥គីឡូ ១៩៤ក្រាម, សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់១គីឡូ ៣៩៩.៩៦ក្រាម, សារធាតុញៀន ប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៥៥៤ក្រាម សរុបទម្ងន់ ១៧គីឡូ ១៤៧.៩៦ក្រាម និងសារធាតុមិនច្បាស់ ទម្ងន់ ៨៥២.៣១ ក្រាម។ 

បច្ចុប្បន្នជនល្មើសទាំង ០២នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់៕