
ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា មន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បង្ក្រាបករណីរដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដោយឃាត់ខ្លួនជនល្មើស៤នាក់ នៅក្នុងនោះមានជនជាតិខ្មែរម្នាក់ និងថៃ ០៣នាក់ រឹបអូសថ្នាំញៀនជាង ២៥៧គីឡូក្រាម។
ប្រតិបត្តិការបង្ក្រាប ក្រុមជួញដូរគ្រឿងញៀនឆ្លងដែនខាងលើ កងកម្លាំងសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) បង្រ្កាបករណីដឹកជញ្ជូននូវសារធាតុញៀន និងថ្នាំញៀនដោយខុសច្បាប់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៦និង៣០នាទីព្រឹក ស្ថិតនៅចំណុចវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
តាមរបាយការណ៍ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៦និង៣០នាទីព្រឹក ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ស្ថិតនៅចំណុច ភូមិវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ចំពោះលទ្ធផលនៃការបង្ក្រាប សមត្ថកិច្ចចាប់ខ្លួនជនល្មើស ចំនួន ០៤នាក់ (ថៃ ០៣នាក់ ខ្មែរ ០១នាក់) រួមមាន៖ ទី១- ឈ្មោះ អ៊ាប សុខឃឹម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ, ២- ឈ្មោះ គ្រីបប្រាឆាយា ភរ៉ាសក្តិ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិថៃ, ៣- ឈ្មោះ សែចាំង ប្រាវីត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិថៃ, ៤- ឈ្មោះ វង្ស ប៊ុនឆៃលើត ធារ៉ាឆៃ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិថៃ។ វត្ថុតាងចាប់យក រួមមាន: គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ២២២៩០០ ក្រាម, គ្រឿងញៀន ប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ៣១៨០៨ក្រាម វត្ថុតាងគ្រឿងញៀន សរុបទម្ងន់ ២៥៤ ៧០៨ក្រាម (២៥៤គីឡូ ៧០៨ក្រាម), រថយន្ត ចំនួន ០៤គ្រឿង, ទូរស័ព្ទដៃ ចំនួន ១២គ្រឿង, វិទ្យុទាក់ទង ចំនួន ០៣គ្រឿង, គ្រាប់បែកដៃ ចំនួន ០២គ្រាប់, លុយបាត និងលុយដុល្លាមួយចំនួនទៀត។
ឧត្ដមសេនីយ៍ឯកបន្តថា៖ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើពេល ២ថ្ងៃ និង២យប់ ដើម្បីធ្វើការស្រាវជ្រាវ ឃ្លាំងមើល និងស្ទាក់ចាប់ក្រុមឧក្រិដ្ឋជនគ្រឿងញៀននេះ ដោយក្នុងនោះសមត្ថកិច្ចក៏បានផ្ទុះអាវុធ ដោយបាញ់បំបែកបង់រថយន្តរបស់ក្រុមជនសង្ស័យ ទើបអាចឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងមួយចំនួនទៀតបានរត់គេចខ្លួន តែយ៉ាងណាកងកម្លាំងបានស្គាល់មុខសញ្ញានេះហើយ និងបន្តចាប់ខ្លួនដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែននេះ ពួកគេគ្រោងដឹកចេញទៅកាន់ប្រទេសវៀតណាម និងថៃជាដើម។
បច្ចុប្បន្នជនល្មើស និងវត្ថុតាងខាងលើត្រូវមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕