2024-05-28 21:36
491

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យធំៗ ចំនួន ០២ ដែលប្រកបអាជីវកម្មអភិវឌ្ឍលើវិស័យអចលនវត្ថុដោយគ្មានអាជ្ញាបណ្ណ ត្រូវបាននិយ័តករអចលនវត្ថុ និងបញ្ចាំ ធ្វើការកោហៅឲ្យចូលខ្លួនមកបង់ផាកពិន័យតាមច្បាប់កំណត់ ដោយទុករយៈពេល ១៥ថ្ងៃប៉ុណ្ណោះ បើមិនអនុវត្តតាមការណែនាំ នឹងចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ជាធរមាន ។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានធ្វើការជូនដំណឹងដល់ លោក/លោកស្រី ជាម្ចាស់ក្រុមហ៊ុន/គម្រោង ចំនួន ០២ រួមមាន៖ ១- ក្រុមហ៊ុន ឈួ យ័ន អិល (ខេមបូឌា) ឌីវេឡុបមេន ឯ.ក គម្រោង Jovan City ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង២- ក្រុមហ៊ុន អាណាតា រេស៊ីដេន ឯ.ក គម្រោង ANATA Residence សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីឲ្យខ្លួនបង់ផាកពិន័យតាមច្បាប់ឲ្យឆាប់បំផុត។

និយ័តករអចនវត្ថុ និងបញ្ចាំ បានបញ្ជាក់ថា៖ «ក្រុមហ៊ុនទាំង២ បានប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ដែលការណ៍នេះ ក្រុមហ៊ុន/គម្រោងរបស់ លោក/លោកស្រី បានប្រព្រឹត្តល្មើសនឹងអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ហើយ ន.អ.ប. បានចេញលិខិតផាកពិន័យ និងលិខិតក្រើនរំលឹកការបង់ប្រាក់ផាកពិន័យ ចំពោះការប្រព្រឹត្តល្មើសខាងលើ ប៉ុន្តែរហូតមកដល់ពេលនេះ លោក/លោកស្រី មិនទាន់បានបង់ប្រាក់ផាកពិន័យនៅឡើយទេ»

ក្នុងនោះ ក្រុមហ៊ុនឈួ យ័ន អិល (ខេមបូឌា) ឌីវេឡុបមេន ឯ.ក អនុវត្តគម្រោង Jovan City ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទឹកប្រាក់ផាកពិន័យ ចំនួន ១០០.០០០.០០០ រៀល និង ក្រុមហ៊ុន អាណាតា រេស៊ីដេន ឯ.ក គម្រោង ANATA Residence ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទឹកប្រាក់ផាកពិន័យ ចំនួន ១៥០.០០០.០០០ រៀល។

និយ័តករអចលនវត្ថ បានបញ្ជាក់ថា៖ «ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តស្របតាមបទប្បញ្ញត្តិជាធរមាន ន.អ.ប. សូមកោះអញ្ជើញ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន/គម្រោងខាងលើ មកបង់ប្រាក់ផាកពិន័យ តាមរយៈដីកាអមបង់ប្រាក់ផាកពិន័យ ដែលបានប្រគល់ជូនក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃយ៉ាងយូរ គិតចាប់ពីកាលបរិច្ឆេទ នៃសេចក្តីជូនដំណឹងនេះ ជាកំហិត។ ក្នុងករណី នៅតែបន្តគេចវេះមិនអនុវត្តតាមការណែនាំខាងលើ ន.អ.ប. នឹងចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ជាធរមាន»

ដូចបានជម្រាបជូនខាងលើ ន.អ.ប. សូមឲ្យលោក/លោកស្រី ជាម្ចាស់ក្រុមហ៊ុន/គម្រោងជ្រាបជាព័ត៌មាន និងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ លោក/លោកស្រី ជាម្ចាស់ក្រុមហ៊ុន/គម្រោង ក្នុងការបំពេញកាតព្វកិច្ចខាងលើឱ្យបានត្រឹមត្រូវ៕