2023-05-05 12:05
509

កែប៖ ក្រុមប្រតិភូ និងអត្តពលិកដែលចូលរួមការប្រកួតកីឡា «ទ្រីយ៉ាត្លុង» ចំនួន០៥ប្រទេស រួមទាំងកម្ពុជាផង បានមកដល់ខេត្តកែបជាបណ្តើរៗហើយនៅសល់ប្រទេស ចំនួនពីរទៀត គឺសិង្ហបុរី និងម៉ាឡេស៊ី ដែលនឹងមកដល់នៅពេលយប់នេះ ដើម្បីចូលរួមការហាត់សមការប្រកួត នៅលើទីលានជាក់ស្តែងរួមគ្នា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នេះ។

ក្រុមការងារស្នាក់នៅហូបចុកប្រចាំខេត្តកែប លោក ម៉ន រ័ត្ន បានប្រាប់ឲ្យដឹងថា នៅរសៀលម៉ោង ៤និង៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នេះ ប្រតិភូដឹកនាំក្រុមកីឡាករ ចូលរួមការប្រកួតកីឡាទ្រីយ៉ាថ្លុង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣  ដែលនឹងធ្វើឡើងនៅបរិវេណឆ្នេរកម្សាន្តកែប ក្រុងកែប នៅថ្ងៃទី០៦ដល់ទី០៨ ខែឧសភា ឆ្នាំ២០២៣ នេះ បានធ្វើដំណើរមកដល់ខេត្តកែប ចំនួន០៥ប្រទេស ដែលមានប្រតិភូ និងអត្តពលិកជាក់ស្តែង ចំនួន៩៧នាក់  នៅសល់ពីរប្រទេសទៀតនឹងមកដល់នៅពេលយប់នេះ។

ប្រតិភូដឹកនាំក្រុមកីឡាកររបស់ឥណ្ឌូនេស៊ី បានប្រាប់ឱ្យដឹងថាថា ការធ្វើដំណើររបស់ក្រុមកីឡាករប្រទេសលោកតាមជើងហោះហើរពីទីក្រុងយ៉ាកាតាមករាជធានីភ្នំពេញ ហើយបន្តជិះរថយន្តក្រុងមកខេត្តកែបតែម្តង។ សម្រាប់ការធ្វើដំណើរមកពីភ្នំពេញ និងខេត្តកែប មានភាពងាយស្រួល ចំណាយពេលប្រមាណ ៣ម៉ោងប៉ុណ្ណោះ ជារួមអ្វីៗទាំងអស់មានភាពល្អប្រសើរ ដោយសារមានការជួយសម្របសម្រួលពីក្រុមការងារកម្ពុជា ហើយលោកពិតជាអរគុណខ្លាំងណាស់។ 

ក្រុមកីឡាករប្រទេសឥណ្ឌូនេស៊ី មានការរំពឹងក្នុងការប្រកួតនឹងសម្រេចពេលនៅលើទីលាន ប្រកួតប្រជែងជាក់ស្តែងតែម្តងក្នុងការប្រកួតកីឡាទ្រីយ៉ាត្លុង ក្នុងព្រឹត្តិការស៊ីហ្គេមឆ្នាំ២០២៣ ដែលបានរៀបចំធ្វើឡើងនៅក្រុងកែប ចាប់ពីថ្ងៃទី០៦រហូតដល់ទី០៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ  មាន៧វិញ្ញាសារ មានវិញ្ញាសារទ្រីយ៉ាត្លុង (ហែលទឹក ជិះកង់ រត់ ២វិញ្ញាសារ (បុរស នារី) ,វិញ្ញាសារឌូអាថ្លុង (រត់ ជិះកង រត់) ២វិញ្ញាសារ (បុរសនារី ជាឯកត្តជន) និងវិញ្ញាសារអាគ័រថ្លុង (ហែលទឹក និងរត់) ៣វិញ្ញាសារ (បុរស នារី និងចម្រុះ) ហើយការហាត់សមប្រកួតនៅលើទីលាននឹងធ្វើនៅថ្ងៃស្អែករួមគ្នា៕ ដោយ៖សឹង រ៉ាត់