2024-07-03 08:07
145

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងគណៈប្រតិភូនៅទីស្តីការក្រសួង។ 

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងការងារ បានគូសបញ្ជាក់ទៅកាន់ប្រធានវិទ្យាស្ថាន ERIA អំពីសក្តានុពលនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនូវផែនការថ្នាក់ជាតិ  ដើម្បីបម្រើទៅតាមតម្រូវការទីផ្សារដែលជាគន្លឹះក្នុងការបន្តទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានចែករំលែកដល់សមភាគីពីចក្ខុវិស័យ នៃផែនការ៥ឆ្នាំរបស់ ក្រសួងការងារ ជាពិសេសលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលជាផែនការអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ជំនាញដល់ប្រជាពលរដ្ឋខ្មែរ និងក្រុមយុវជន។ 

ទន្ទឹមនឹងនេះ លោក Tetsuya Watanabe បានទទួលស្គាល់ពីតួនាទីយ៉ាងសំខាន់របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាលជំនាញដល់យុវជន និងប្រជាពលរដ្ឋដែលជាកម្លាំងដ៏សំខាន់ក្នុងទីផ្សារការងារ។ 

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាគន្លឹះមួយដ៏សំខាន់ក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ 

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងការងារ ក៏បានស្នើឱ្យវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ាជួយជំរុញ និងផ្សព្វផ្សាយឱ្យអ្នកវិនិយោគក្នុងតំបន់ និងអន្តរជាតិ ងាកមកចាប់អារម្មណ៍នៅកម្ពុជា ដែលកំពុងមានសក្តានុពលលើកម្លាំងពលកម្ម និងភាពអនុគ្រោះជាច្រើន៕