2024-07-04 06:07
330

(កែប) ៖      នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជួបសំណេះសំណាល ជាមួយអតីតយុវជនដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និង គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន  នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបាន តស៊ូពលិកម្មដោយស្មារតីស្នេហាជាតិ នៅគ្រប់ដំណាក់កាលនៃប្រវត្ដិសាស្ដ្រ ក្នុងកិច្ចការពារបូរណ:ភាពទឹកដី ដែលបានកសាងសុខសន្ដិភាព និង ស្ថិរភាពនៅក្នុងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធានាការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងសង្គម ដើម្បីប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ពិធីនេះបានប្រព្រឹត្តនៅក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋអភិបាលខេត្តកែប  ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត ឧត្តមសេនីយ៍ ឧត្តមអគ្គានុរក្ស អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រធាន អនុប្រធាន សមាជិក សមាជិកា សមាគមអតីតយុទ្ធជន មានការអញ្ជើញចូលរួមរសរុបមានចំនួនជាង៣០០នាក់។ 

បើយោងតាមរបាយការណ៍របស់ លោក ចាន់ សាម៉េង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែបបានឱ្យដឹងថា បើគិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ អតីតយុទ្ធជន មានចំនួន ៣៧៩ នាក់ ស្រី ១៣២នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន ៦៥៧នាក់ បាននឹងកំពុងទទួលរបបសន្តិសុខសង្គមប្រចាំខែពីរាជរដ្ឋាភិបាលដោយក្នុង១ខែស្មើទឹកប្រាក់ចំនួន ៣៣១,៨២៥,៨២៣៛។

ឯកឧត្តម សោម ពិសិដ្ឋអភិបាលខេត្តកែប បានមានមតិសំណេះសំណាលក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា នាពេលកន្លងទៅកម្ពុជាធ្លាប់បានហែលឆ្លងនូវដំណាក់កាលដ៏ជូរចត់ និង ផ្លាស់ប្ដូរ ប្រវត្ដិសាស្ដ្រជាច្រើនដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានគិតត្រឹមការធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០ ដឹកនាំដោយ សេនាប្រមុខ លន់ នល់ ដែលរបបនេះ ត្រូវបានផ្ដួលរំលំវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបប្រល័យពូជសាសន៍របស់ ប៉ុល ពត ក្នុងរយៈពេលតែ ៣ ឆ្នាំ ៨ខែ និង២០ថ្ងៃ កម្ពុជាបានក្លាយទៅជាគុកឥតជញ្ជាំង ជាវាលពិឃាតដ៏សាហាវឃោរឃៅបំផុត។ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ កម្ពុជាត្រូវប្រឈមនឹងឧបសគ្គ និងការលំបាកជាច្រើនឥតគណនា ដែលជាផលវិបាកនៃសង្គ្រាម និងទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ។

ក្នុងដំណាក់កាលនោះ រដ្ឋដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រយុទ្ធទប់ស្កាត់មិនឱ្យរបប ប៉ុល ពត វិលត្រឡប់មកវិញ និងបានស្ដារសង្គម-សេដ្ឋកិច្ច និង ជីវភាពរបស់ប្រជាជនឡើងវិញ ពីបាតដៃទទេ ក្នុងស្ថានភាពដែលប្រទេសជាតិត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច និងនយោបាយ ពីខាងក្រៅយ៉ាងអយុត្ដិធម៌ ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថាដោយមើលឃើញពីផលលំបាកនៃសង្គ្រាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្ដិករនយោបាយ បានដាក់ចេញនយោបាយ ឈ្នះឈ្នះ នៅឆ្នាំ ១៩៩៨ ធ្វើឱ្យទឹកដីកម្ពុជា បាននាំមកនូវសន្តិភាពពេញលេញ  ការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង។

នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពអតីតយុទ្ធជនដែលជានិវត្ដជន ជនបាត់បង់សមត្ថភាពការងារ និងជនមានពិការភាព តាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន គឺសំដៅដល់ការគិតគូរចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ។

ក្នុងនោះឯកឧត្តម សោម ពិសិដ្ឋអភិបាលខេត្តកែប បានអំពាវនាវដល់ អ៊ុំ ពូ មីង បងប្អូន អតីតយុទ្ធជនទាំងអស់ ១-សូមបន្តគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោទាំងអស់គ្នាដែលមានគម្រោងបើកការដ្ឋាននៅថ្ងៃខាងមុខនេះផងដែរ។

២-សូមអោយមន្តីរសង្គមកិច្ច គណៈកម្មការសមាគមអតីតយុទ្ធជនខេត្ត និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរួមគ្នាគិតគូរបង្កើតយន្តការទ្រទ្រង់សមាគមអតីតយុទ្ធកម្ពុជាខេត្តកែប។
៣-សូម អ៊ុំ ពូ មីង បងប្អូន អតីតយុទ្ធជន ត្រុវរក្សាសុខភាពរបស់ខ្លួន ដោយ ហូបល្អ រស់នៅល្អ។

សូមរំលឹកថា៖កន្លងទៅនេះ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភទាំង សម្ភារៈ ថវិកា ដល់អតីតយុទ្ធជនជួបការលំបាកឱ្យទាន់ពេលវេលា។(សឹង រ៉ាត់)