
កំពត៖ ក្រុមប្រជាពលរដ្ឋ ដែលរស់នៅជិតតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក់ បានត្អូញថ្អែរ និងសម្តែងការមិនពេញចំពោះមន្ត្រីរគយចល័ត ដែលមានទីតាំងចំណុច ភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលបានយកពន្ធថ្លៃខ្ពស់ខុសពីមុន នាំឱ្យប្រជាពលរដ្ឋ ជាអ្នកប្រកបរបរកស៊ីដឹកទំទិញតូចតាចតាមម៉ូតូឆ្លងដែនកាន់តែជួបការលំបាកយ៉ាងខ្លាំង ព្រោះការស៊ីរបស់ពួកគាត់ប្រៀបដូចយកមកចិញ្ចឹមមន្ត្រីទាំងអញ្ចឹង។
នៅថ្ងៃទី០៥ ខែកក្តដា ឆ្នាំ៣០២៤ ក្រុមប្រជាពលរដ្ឋដែលអ្នករកស៊ីតូចតាចទាំងនោះ បានស្នើដល់អាជ្ញាធរខេត្ត និងប្រធានសាខាគយ និងរដ្ឋករខេត្តកំពត មេត្តាជួយពិនិត្យ និងដោះស្រាយធ្វើយ៉ាងណា ឱ្យមន្ត្រីគយចល័ត ដែលមានទីតាំងនៅចំណុច «លក» នេះ បន្ធូរបន្ថយក្នុងការយកពន្ធដល់ពួកគាត់ដូចពីមុខៗ។
ប្រជាពលរដ្ឋ បានឱ្យដឹងថា៖ ពួកគាត់រស់នៅជិតតំបន់ព្រំដែនអន្តរជាតិព្រែកចាក សូមសំណូមពរដល់អាជ្ញាធរជួយផ្តល់ការយោបយល់បន្ថូបន្ថយការបង់ពន្ធ ព្រោះសេដ្ឋកិច្ចគ្រួសារពួកគាក់បានពឹងផ្អែកទាំងស្រុងទៅលើការងារដឹកទំនិញលក់ដូរ និងទំនិញបន្តិចបន្តួចចេញចូលមកពីប្រទេសវៀតណាម មានដូចជា អយស្ទ័រ បង្គារ និងមឹក ជាដើម យកទៅលក់នៅខេត្តកែប និងខេត្តកំពត។ សម្រាប់អ្នកខ្លះទៀត ពឹងលើការងារស៊ីឈ្នួលដឹកជញ្ជូនទំនិញឱ្យគេ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារជាទូទៅ ក្នុងមួយថ្ងៃអាចដឹកបាន ១ជើង ឬ២ជើង តែប៉ុណ្ណោះ ទៅតាមការគេម្មង់របស់ម៉ូយ (តិច ឬច្រើន តាមម៉ូយគេហៅ)។
ប្រជាពលរដ្ឋ បានលើកឡើងថា៖ «កាលពីមុនការដឹកទំនិញពីច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក មេគយចល័ត នៅចំណុច «លកចាស់» មិនបានយកពន្ធលើការដឹកទំនិញ តាមម៉ូតូនោះទេ ប៉ុន្តែសព្វថ្ងៃគយប្រចាំតំបន់នេះ តម្រូវឱ្យពួកគាត់បង់ពន្ធខ្ពស់។ សម្រាប់ការដឹកជញ្ជូនទំនិញតិចតួចឆ្លងដែននេះ ក្នុងមួយថ្ងៃពួកគាត់អាចរកកម្រៃឈ្នួលបានចន្លោះចាប់ពី ៥ម៉ឺនរៀលទៅ៧ម៉ឺនរៀលប៉ុណ្ណោះ ខណៈដែលអ្នកដឹកទំនិញយកមកលក់បន្តបានចំណេញច្រើនជាងនេះ។
ប្រជាពលរដ្ឋ បានបញ្ជាក់ថា៖ «រយៈពេលពីរបីខែចុងក្រោននេះ ក្រោយពេលមានការផ្លាស់ប្តូរមេគយចល័ត ប្រចាំតំបន់លក មកកាន់តំណែងថ្មី ក្រុមមន្ត្រីគយចល័ត បានចាប់ផ្តើមរឹតបន្តឹងយកពន្ធ តម្លៃខ្ពស់ហួសហេតុដឹងតែពីរាប់កេសយកលុយក្នុង ១កេសធំត្រូវបង់ ១ម៉ឺនរៀល និងកេសតូចត្រូវបង់ ៥ពាន់រៀល បានធ្វើឱ្យចំណូលពួកគាត់បានធ្លាក់ចុះសល់ត្រឹមតែ ២ទៅ៣ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលបង្កផលពិបាកដល់ការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស នោះក្នុងការចំណាយទៅលើការសិក្សារៀនសូត្ររបស់កូនៗ»។
ការណ៍នេះ ប្រជាពលរដ្ឋ បានធ្វើស្នើដល់អាជ្ញាធរខេត្ត ពិសេសប្រធានសាខាគយ និងរដ្ឋករខេត្តកំពត ជួយពិនិត្យ និងដោះស្រាយធ្វើយ៉ាងណាកុំឱ្យមន្ត្រីគយចល័ត ឈរជើងនៅតំបន់លក គួរណាស់បន្ធូរបន្ថយការយកពន្ធ កុំឱ្យខ្ពស់ហួសហេតុពេក។ ប្រជាពលរដ្ឋ បានបន្ថែមថា បច្ចុប្បន្នអ្នកដឹកទំនិញតាមម៉ូតូទាំងអស់ និងអ្នកយកទៅលក់បន្ត និងស៊ីឈ្នួលដឹកឱ្យគេ សរុបប្រមាណជាង ៣០នាក់ប៉ុណ្ណោះ។
ពេលប្រជាពលរដ្ឋ បានបញ្ជាក់ថា៖ «ការដឹកទំនិញ១ជើង មន្ត្រីគយចល័ត នៅតំបន់លក តម្រូវឱ្យបង់ពន្ធ ១ជើង ហើយនៅក្នុងការបង់ពន្ធនោះ ដោយមិនមានការចេញលិខិតស្នាមបញ្ជាក់ឱ្យច្បាស់នោះទេ ហើយក៏គ្មានការកត់ត្រាបរិមាណទំនិញណាមួយឱ្យជាក់លាក់នោះដែរ»។ ប្រជាពលរដ្ឋ ប្រកបរបរដឹកទំទិញតាមម៉ូតូ បានបញ្ជាក់បន្ថែមថា៖ «ចំពោះមន្ត្រីនគរបាល និងសមត្ថកិច្ចគយដែលប្រចាំការនៅច្រកទ្វាអន្តរជាតិព្រែកចាក ពុំដែលទាមទារឱ្យបង់ពន្ធសម្រាប់ពួកគាត់ដែលដឹកនតាមម៉ូតូនោះទេ មានតែការជួយសម្រួលហើយអ្វីដែលពិបាកនោះ គឺក្រុមមន្ត្រីគយចល័តតំបន់លក ដែលទើបផ្លាស់ប្តូរមកថ្មីនេះតែម្តង»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ អំពីការយកពន្ធរបស់ មន្ត្រីគយចល័យតំបន់លក ដោយគ្មានការត្រួតពិនិត្យ និងគ្មានវិក័យបត្រនេះ អ្នកសារព័ត៌មានយើង មិនអាចសុំការធ្វើអត្ថាធិប្បាយពីមន្ត្រីគយចល័តណាមួយឱ្យបានច្បាស់លាស់នៅឡើយនោះទេ ដោយសារប្រធានគយចល័យតំបន់លក ហៅទូរសព្ទហៅចូលច្រើនដង ពុំមានអ្នកទទួល។
ជាមួយគ្នានោះ មន្ត្រីដែលប្រចាំការនៅប៉ុស្តិ៍គយចល័ត នៅចំណុច ភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ ត្រាច ខេត្តកំពត កំពុងប្រចាំការនៅទីតាំង បានបដិសេធមិនធ្វើការបកស្រាយ ដោយបានអះអាងថា៖ «លើសពីតួនាទីខ្លួនទៅវិញ និងបានរុញឱ្យទៅសួរថ្នាក់លើដោយផ្ទាល់»៕





