2024-07-12 05:07
247

ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថារយៈបីថ្ងៃ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤នេះ កូនឈើថ្មីចម្រុះប្រមាណជាង ៩២ម៉ឺនដើម ត្រូវបានរកម្ចាស់ផ្ទះថ្មី ទទួលថែទាំហើយ ដើម្បីបង្កើតភាពបៃតង និងបរិស្ថាននៅប្រទេសកម្ពុជា។ 

លោកបណ្ឌិតបានថ្លែងថា៖ ក្នុងរយៈពេលបីថ្ងៃនៃពិពណ៌ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ មានកូនឈើចម្រុះគ្រប់ប្រភេទជាង ៩២ ម៉ឺនដើម ត្រូវបានផ្លាស់ទៅកាន់ទីកន្លែងថ្មី ផ្ទះថ្មី ម្ចាស់ថ្មី ទទួលយកទៅដាំដុះ និងថែរក្សាបន្ត ដើម្បីបង្កើតភាពបៃតងនៅជុំវិញលំនៅដ្ឋាន ដែលនេះ បានបង្ហាញឲ្យឃើញថា យុវជន និងប្រជាពលរដ្ឋយើងបច្ចុប្បន្ន នាំគ្នាស្រឡាញ់បរិស្ថានកាន់តែ               ច្រើនឡើងថែមទៀត។ 

សូមជម្រាបថា ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤នេះ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងជំរុញយុទ្ធនាការដាំកូនឈើយ៉ាងតិច ១លានដើម នៅក្នុងមួយឆ្នាំ។ 

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីររាជធានី-ខេត្ត និងបានរៀបចំបិទនៅថ្ងៃរៀលនេះផងដែរ៕