2024-09-29 01:09
41

បាត់ដំបង ៖ នៅសាលប្រជុំ សាលាខេត្តបាត់ដំបង កាលពីរសៀលថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុខភាព ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ខាងមុខនេះ ដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ។ 

សូមបញ្ជាក់ថា នៅឆ្នាំសិក្សា ២០២៣-២០២៤ នេះក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី ០៩ ខែតុលាឆ្នាំ ២០២៤ ដោយអនុវត្តតាមគោលការណ៍ទាំង ៤ នៃការប្រឡងគឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន( អ្នកចេះគឺជាប់ )។ 

ជាមួយគ្នានោះនៅក្នុងខេត្តបាត់ដំបងបានរៀបចំប្រមូលផ្ដុំដែលមានមណ្ឌលប្រឡងសរុប ១៤មណ្ឌល ក្នុងនោះក្រុងបាត់ដំបងមានចំនួន ១៣មណ្ឌល និងស្រុកសង្កែមានចំនួន ១ មណ្ឌល ដែលបេក្ខជនសរុបចំនួន ៩៥៥០នាក់ ស្រី ៥៤១៣នាក់ ត្រូវជា ៣៨៥បន្ទប់។