2024-12-06 10:23
185

ព្រៃវែង៖ គម្រោងលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ ៣១២ ដែលជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់តភ្ជាប់ពីផ្លូវជាតិលេខ ១ ទៅច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ដែលមានតម្លៃប្រមាណ ២៥ លានដុល្លារអាមេរិកដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីក្រោយបញ្ចប់ការសាងសង់រំពឹងថានឹងចូលរួមលើកកម្ពស់នូវសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ជាក់ស្តែង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូ អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ ៣១២ ដែលជាផ្លូវយុទ្ធសាស្រ្តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅព្រំដែនកម្ពុជា-វៀតណាម នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្តជាច្រើនរូបផងដែរ។

សូមជម្រាបថា ផ្លូវខេត្តលេខ ៣១២ នេះ មានប្រវែង ២៨,៣៧ គីឡូម៉ែត្រ ដោយចាប់ផ្តើមពីភូមិសំរោង ឃុំល្វា ត្រង់បំបែកផ្លូវជាតិលេខ ១ គីឡូម៉ែត្រលេខ ៧៧+០៨២ រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី ព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកព្រះស្តេចនៃខេត្តព្រៃវែង។ 

គម្រោងនេះ នឹងត្រូវស្តារពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ និងលើកកម្រិតគុណភាព ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) និងផ្នែកខ្លះក្រាលបេតុងសរសៃដែកកម្រាស់ ២៥ សង់ទីម៉ែត្រ ដែលមានទទឹងរួម ១១ ម៉ែត្រ និងមាន ២គន្លងទៅ-មក។ 

ផ្លូវខេត្តមួយខ្សែរនេះ នឹងក្លាយជាខ្សែផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយឆ្លងកាត់ឃុំចំនួន ៤ ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង រួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំបន្ទាយចក្រី។ 

ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ ១ ផ្លូវខេត្តលេខ ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជនទៅកាន់តំបន់ព្រំដែនកម្ពុជា-វៀតណាម។ 

ក្រោយបញ្ចប់ការសាងសង់ខ្សែផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ សាលារៀន និងសម្រួលការដឹកជញ្ជូនទំនិញក៏ដូចជាកសិផលផ្សេងៗ ទៅកាន់ទីផ្សារមូលដ្ឋាន និងតំបន់ជុំវិញ ជាពិសេសរំពឹងថានឹងចូលរួមលើកកម្ពស់នូវសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ 

គួរបញ្ជាក់ថា ផ្លូវខេត្តលេខ ៣១២ នេះត្រូវបានប្រារព្ធពិធីបើកការដ្ឋានកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ដែលបានអនុវត្តការសាងសង់ ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE ក្នុងរយៈពេល ១៨ ខែ និងថែទាំរយៈពេល ៦០ ខែ ដោយប្រើប្រាស់ថវិកា ដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២៥ លានដុល្លារអាមេរិក សម្រាប់ការសាងសង់ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់៕