
សៀមរាប៖ ដើម្បីរក្សានូវកេរ្តិ៍មរតកដូនតាខ្មែរ និងផ្សព្វផ្សាយពីប្រវត្តិខ្លែងឯកខ្មែរដែលដូនតាបានចារឹកនៅតាមប្រាង្គប្រាសាទ និងរក្សានូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អរិយធម៌របស់ដូនតាខ្មែរ រដ្ឋបាលខេត្តសៀមរាបសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នឹងរៀបចំនូវព្រឹត្តិការណ៍បង្ហោះខ្លែងឯករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧-២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់។
ការប្រកួតបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរីក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកនេះគឺក្នុងន័យផ្សព្វផ្សាយពីកេរមរតកដូនតាខ្មែរឱ្យយុវជនជំនាន់ក្រោយ រួមនិងភ្ញៀវទេសចរបរទេសបានស្គាល់ពីកេរមរតកដូនតាខ្មែរដែលមានតាំងពីបុរាណកាលមួយនេះ។
លោក លី សារី អភិបាលរងខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងឯក នៅខេត្តសៀមរាប បានលើកឡើថា៖ «ដើម្បីឱ្យព្រឹត្តិការណ៍នេះ មានការចូលរួមច្រើន ទាមទារឱ្យយើងត្រូវធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយជូនដល់មហាជន និងភ្ញៀវទេសចរ ដែលពួកគាត់មានបំណងចង់ចូលរួមបង្ហោះខ្លែងអាចធ្វើពាក្យស្នើសុំពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបដើម្បីចូលរួមបង្ហោះក្នុងន័យចូលរួមក្នុងការទ្រទ្រង់លើកស្ទួយវប្បធម៌ជាតិ»។
លោកអភិបាលរង ក៏បានជំរុញដល់បណ្តាមន្ទីរអង្គភាព ស្ថាប័ន សមាគម និងវិស័យឯកជន ត្រូវនាំយកនូវខ្លែងឯក១ និងខ្លែងសេរី១ ដើម្បីចូលរួមក្នុងបុណ្យបង្ហោះខ្លែងឯក នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរនេះ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនទូទៅ ចូលរួមឱ្យបានកុះករក្នុងព្រឹត្តិការណ៍មួយនេះ ហើយនឹងនៅឆ្នាំក្រោយៗទៀតផងដែរ។
ព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីការដង្ហែក្បួនខ្លែងឯក ខ្លែងសេរី និងតុក្កាតាយក្ស ព្រមទាំងនៅពេលរាត្រីមានការសម្ដែងសិល្បៈ ល្ខោនបាសាក់ និងការតាំងពិពណ៍ការបង្ហាញពីរបៀបធ្វើខ្លែងឯកថែមទៀតផង។
លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបបានបញ្ជាក់ថា៖ «ការបង្ហោះខ្លែងគឺជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរយើងតាំងពីសម័យនគរភ្នំមកម្ល៉េះ។
ខ្លែង គឺជាវត្ថុលេងម្យ៉ាងដែលអាចបង្ហោះបានដោយសារកម្លាំងខ្យល់ទាញយឹតតាមរយៈខ្សែដែលគេចង់ភ្ជាប់នឹងតួរបស់វា។ ក្រៅពីត្រូវបានប្រើសម្រាប់លេងកម្សាន្តវាក៏ជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរទៀតផង»។
លោកប្រធានមន្ទីរវប្បធម៌បានបញ្ជាក់បន្ថែមថា៖ «ភាគច្រើនគេតែងបង្ហោះខ្លែងឯកលេងកម្សាន្តក្នុងរដូវរំហើយចាប់ផ្ដើមរាប់ពីថ្ងៃពាក់កណ្ដាលខែកញ្ញាដល់ពាក់កណ្ដាលខែធ្នូ ហើយពេលខ្លះខ្មែរយើងលេងបន្តរហូតដល់រដូវបន្ទាប់ទៀតគឺសិសិររដូវ»៕
