
ការដាក់ឱសានវាទនេះ ធ្វើឡើងមួយថ្ងៃក្រោយពីបានចុះហត្ថលេខាលើសារាចរណែនាំ ស្ដីពី «ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់» នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារ ដើម្បីធានាភាពគ្រុបជ្រុងជ្រោយ នៃការអនុវត្តសារាចរណែនាំដ៏មានសារៈសំខាន់នេះ ទាំងកម្រិតថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក ប្រធានអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមតាមប្រព័ន្ធវីដេអូហ្ស៊ូមពីថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទូទាំងប្រទេសផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ «ដើម្បីធានាប្រសិទ្ធិភាពនៃការអនុវត្តសារាចរណែនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានអង្គភាពចំណុះជាសេនាធិការ រួមទាំងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ ទាំងលើបណ្ដាញផ្សព្វផ្សាយសង្គមគ្រប់ប្រភព រួមទាំងការផ្សព្វផ្សាយចល័ត និងអចល័តគ្រប់ទីកន្លែង ដើម្បីឈានទៅបង្ក្រាបឱ្យបានម៉ឺងម៉ាត់ក្នុងករណីនៅតែបន្តផ្សព្វផ្សាយបំពានក្រោយផុតឱសានវាទ»។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃកម្ពុជា អភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា៖ «ក្រសួងសម្រេចទុកពេលឱ្យអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងខុសច្បាប់ទាំងអស់ បញ្ឈប់សកម្មភាពយូរបំផុត ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ពោលគឺចាប់ពីថ្ងៃទី១១ ខែធ្នូតទៅ មន្រ្តីមានសមត្ថកិច្ចគ្រប់ថ្នាក់ គ្រប់ជំនាញ ទាំងជំនាញស្រាវជ្រាវតាមទីតាំង តាមបណ្ដាញអ៊ិនធើណេត និងជំនាញបង្ក្រាប នឹងសហការគ្នាអនុវត្តសារាចរណែនាំយ៉ាងតឹងរឹងបំផុត តាមទស្សនៈ “ល្មើសមួយ បង្ក្រាបមួយ ល្មើសពីរ បង្ក្រាបពីរ”។»
តាមរយៈប្រព័ន្ធវីដេអូហ្ស៊ូម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងលោកស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ និងស្រាវជ្រាវបង្ក្រាបទីតាំងផ្ទះបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ដោយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
ពន្លាតចេញពីករណីល្បែងអនឡាញនេះដែរ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ពិនិត្យយកចិត្តទុកដាក់ខ្ពស់ចំពោះការកម្ចីតាមអនឡាញខុសច្បាប់ និងសហការជាមួយស្ថាប័នធនាគារ ដើម្បីស្រាវជ្រាវឱ្យឃើញពីប្រភព នៃការបញ្ជូនប្រាក់ទៅមករវាងក្រុមអ្នកល្បែង និងមេល្បែង ពិសេសក្រុមឈ្មួញកណ្ដាល ដើម្បីទប់ស្កាត់ និងបង្ក្រាបឱ្យបានគ្រប់ច្រក និងគ្រប់មធ្យោបាយដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ការបើក ឬភ្ជាប់បណ្ដាញ និងការលេងល្បែងខុសច្បាប់។
សូមបញ្ចាក់ថា ក្នុងសារាចរណែនាំចេញកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការ ៥ចំណុច រួមមាន៖ ទី១) ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ២) ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រគណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ៣) ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ៤) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការតឹងរ៉ឹងតាមដែន សមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងទី៥) រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល៕