
ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នេះ បានសេចក្តីថ្លែងការណ៍បដិសេធ និងបានជម្រាបជូនដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជន ជ្រាបថា៖ «ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់ រូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គម ផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់»។
ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បានច្រានចោលទាំងស្រុងនូវព័ត៌មានក្លែង បន្លំ និងការបង្ហោះព័ត៌មានក្លែងក្លាយដូចក្នុងគណនីតេឡេក្រាមដែលមានឈ្មោះ ADMINISTRATOR PHEAKTRA NETH (https://t.me/houthPeng 1), ADMINISTRATOR NETH PHEAKTRA (https://t.me/SENGHENG REALTOR66) និង M. KHIEV PHEARAVUTH (https://t.me/Khievphearavuthfx) ជាដើម។
ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់ជនដែលបានប្រើប្រាស់ និងបានបង្ហោះព័ត៌មាន ក្លែងក្លាយ នៅក្នុងគណនីតេឡេក្រាមខាងលើនេះ ឱ្យបញ្ឈប់នូវទង្វើរបស់ខ្លួនជាបន្ទាន់ និងត្រូវលុបចេញនូវរាល់ ខ្លឹមសារព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងរូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញជាបន្ទាន់ ព្រោះទង្វើអសកម្មទាំងនេះ គឺជាទង្វើដែលផ្ទុយនឹងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
ការិយាល័យអ្នកនាំពាក្យ បានបញ្ជាក់ថា៖ «ក្នុងករណីមានការក្លែងបន្លំ ឬបន្តប្រើប្រាស់អត្តសញ្ញាណរបស់ ឯកឧត្តមរដ្ឋមន្ត្រី ទៅប្រព្រឹត្តទង្វើ ឬសកម្មភាពដែលច្បាប់ហាមឃាត់ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។ អាស្រ័យហេតុនេះ សូម ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជន មេត្តាជ្រាប»៕