2024-12-06 22:18
146

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ លោក Robert Menzi, ប្រធានស្តីទី និងជាអគ្គនាយកអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅរាជធានីភ្នំពេញ ដោយបានប្តេជ្ញា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូក្នុងការពារ និងអភិរក្សាធនធានធម្មជាតិនៅកម្ពុជា។ 

លោក Robert Menzi, បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការអស់រយៈពេល២៥ឆ្នាំ រហូតមកដល់ពេលនេះ រវាងក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្នុងភាពជាដៃគូអភិវឌ្ឍន៍ ដែលបានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗ ជាពិសេស កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ការងារគ្រប់គ្រងធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ ដើម្បីចូលរួមចំណែកការពារប្រព័ន្ធអេកូឡូស៊ីតំបន់ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់អង្គការ WCS ដែលរយៈពេល២៥ឆ្នាំមកទល់ថ្ងៃនេះ បានចូលរួមជាដៃគូអភិវឌ្ឍន៍ សហការជាមួយក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជាពិសេសចជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងការបង្កើតគម្រោងអភិរក្សផ្អែកលើការអភិវឌ្ឍសហគមន៍ ដើម្បីការពារសត្វព្រៃ និងព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិ នៅក្នុងប្រទេសកម្ពុជា។ 

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យអង្គការ WCS ពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការឥណទានកាបូន នៅតាមតំបន់ការពារធម្មជាតិ ដែលក្នុងនោះនៅដែនជម្រកសត្វព្រៃកែវសីមា ដែលជាតំបន់សំខាន់សម្រាប់ការអភិរក្សជីវៈចម្រុះ ការការពារ ទីជម្រកធម្មជាតិ និងការអភិវឌ្ឍសហគមន៍៕