2024-12-07 10:55
140

បន្ទាយមានជ័យ៖ ថ្លែងនាព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាឱកាសរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីបញ្ជូនទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតនៅខេត្តកំពង់ឆ្នាំង លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា «ការធ្វើកំណែទម្រង់កងទ័ព ក៏ជាគោលដៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងទិសដៅធ្វើឱ្យកងកម្លាំងសម្រាប់ការពារជាតិកាន់តែទំនើប រៀបរយ មានវិជ្ជាជីវៈ និងមានប្រសិទ្ធភាពខ្ពស់»។

ពិធីសំណេះសំណាលនេះ ប្រារព្វធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីប្រតិភូអមដំណើរ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រួសារ អាណាព្យាបាលរបស់យោធិនផងដែរ។ 

លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យក៏បានបញ្ជាក់ឱ្យដឹងថា៖ «បន្ទាប់ពីការពិនិត្យលក្ខណ:សម្បត្តិ និងការប្រឡងតេស្តសមត្ថភាព ដោយក្រុមការងាររបស់អនុគណៈកម្មការជ្រើសរើសយោធិននៃកងរាជអាវុធហត្ថ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថបានប្រកាសលទ្ធផលបេក្ខជនដែលបានចូលរួមប្រឡង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យគឺ៖ ១-បេក្ខជនគ្រប់លក្ខណៈសម្បត្តិ ( ជាប់ជាស្ថាពរ ) ចំនួន ៤២ នាក់, ២-បេក្ខជនគ្រប់លក្ខណ:សម្បត្តិ ( ជាប់ត្រៀមបម្រុង) ចំនួន ០៣ នាក់»។ 

នាឱកាសនោះ លោក អ៊ុំ រាត្រី ក៏បានថ្លែងនូវការអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថដែលមានគ្រប់លក្ខណៈសម្បត្តិ (ជាប់ជាស្ថាពរ ) ក្នុងការប្រឡងហើយត្រូវបានស្នើសុំបញ្ចូលក្របខ័ណ្ឌ កងយោធពលខេមភូមិន្ទក្លាយជាយោធិននៃកងរាជអាវុធហត្ថ ដែលនឹងត្រូវបានជូនដំណើរនិងត្រូវចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ( ភ្នំជុំសែនរីករាយ)។ 

អភិបាលខេត្តក៏បានផ្តាំផ្ញើដល់យោធិនទើបជ្រើសរើសថ្មីឱ្យខិតខំរៀនសូត្រនិងបំពេញតួនាទី ភារកិច្ច និងបេសកកម្មឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ។ 

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា៖ «ការធ្វើកំណែទម្រង់កងទ័ព ក៏ជាគោលដៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងទិសដៅធ្វើឱ្យកងកម្លាំងសម្រាប់ការពារជាតិកាន់តែទំនើប រៀបរយ មានវិជ្ជាជីវៈ និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបគ្រប់ស្ថានការណ៍ទាំងអស់ក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិជ្ជា និងស្ថានការណ៍ពិភពលោក»។ 

លោកបន្ថែមទៀតថា៖ «ពិភពលោកបច្ចុប្បន្ន ក៏គេកំពុងធ្វើកំណែទម្រង់កងទ័ព និងទំនើបកម្មសម្ភារៈសឹកដោយសកម្មបំផុត ក្នុងគោលដៅការពារប្រទេសជាតិរបស់គេផងដែរ»។ 

«បច្ចុប្បន្នថ្វីត្បិតតែប្រទេសយើង មានសុខសន្តិភាពពេញលេញ ប៉ុន្តែការអភិវឌ្ឍសមត្ថភាពកងទ័ព គឺពិតជាត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមស្មារតីដោះស្រាយនៅគ្រប់សភាពការណ៍ ជាពិសេសក្នុងគ្រាគ្រោះមហន្តរាយទាំងបង្កដោយមនុស្ស និងដោយធម្មជាតិផ្សេងៗ កងទ័ពគឺមិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺជាកម្លាំងយ៉ាងរឹងមាំក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ក្នុងគ្រាអាសន្នពីគ្រោះមហន្តរាយផ្សេងៗ ប្រកបដោយភាពកក់ក្តៅនិងទំនុកចិត្តពីប្រជាពលរដ្ឋ»។ 

នេះជាការបញ្ជាក់របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ 

ក្នុងការជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី លោកឧត្តសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឧបត្ថម្ភក្នុងម្នាក់នូវថវិកាចំនួន ៤០ ម៉ឺនរៀល, មី ០២ កេស, ត្រីខ ០២ យួរ, ក្រមា ០១ ក្នុងម្នាក់ៗ។ 

ជាមួយគ្នានោះ លោក អ៊ុំ រាត្រី អភិបាល នៃគណអភិបាលខេត្តក៏ឧបត្ថម្ភជាថវិកាចំនួន ១០ លានរៀលផងដែរ៕