
ភ្នំពេញ៖ ការឃាត់ខ្លួនមេតុងទីនខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
កូនតុងទីនបានធ្វើការឃាត់ខ្លួនមេតុងទីនម្នាក់ប្រគល់ជូនសមត្ថកិច្ចដេីម្បីចាត់ការតាមនីតិវិធីក្រោយគេចវេសមិនទទួលខុសត្រូវពីមួយខែទៅមួយខែរហូតដល់ឆ្នាំ ។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ អឹម ផារ៉ុង ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ មេតុងទីន មានទីលំនៅ ភូមិថ្នល់បំបែក សង្កាត់ ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកប្រពន្ធ.ឈ្មោះ មី អេងលី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ មេតុងទីន (គេចខ្លួន) ។
ជនរងគ្រោះទី១. ឈ្មោះ អេង ស៊ីណាត ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២. ឈ្មោះ ឃន់ សុចាន់ ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លុយដែលមេតុងទីនបានទទួលពីជនរងគ្រោះចំនួន ១៣៨,៣១៥ ដុល្លារ(ដប់បីម៉ឺនប្រាំបីពាន់បីរយដប់ប្រាំដុល្លារអាមេរិក)។
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង ៣០ នាទី មុនពេលកើតហេតុជនសង្ស័យជាមេតុងទីនរស់នៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបបួលជនរងគ្រោះលេង តុងទីន និងខ្ចីលុយជនរងគ្រោះតែមិនទទួលខុសត្រូវដោយគេចវេសមិនទទួលខុសត្រូវពីមួយខែទៅមួយខែរហូតដល់ឆ្នាំ លុះរហូតដល់ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះ និងឈ្មោះ ទឹម សុវណ្ណរដ្ឋា ឃើញជនសង្ស័យឈ្មោះ អឹម ផារ៉ុង ភេទ ប្រុស(ប្តី) នៅផ្ទះភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនជន សង្ស័យនាំយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដើម្បីធ្វើការសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលេងតុងទីននិងខ្ចីលុយជនរងគ្រោះពិតប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងទៅជនសង្ស័យ ។ បច្ចុបន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការបន្ត៕


