
សៀមរាប : អ្នកកាសែតវ័យចំណាស់ម្នាក់ដែលខ្មាន់កាំភ្លើងបាញ់ប៉ុនប៉ងសម្លាប់យ៉ាងព្រៃផ្សៃ ហើយបានរងរបួសធ្ងន់និងបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែពេលនេះបានស្លាប់បាត់បង់ជីវិតហើយ។
ជនរងគ្រោះខាងលេីនេះមានឈ្មោះឈឿង ឈឹងជាអ្នកយកព័ត៌មានរបស់អង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ បានស្លាប់នៅក្នុងមន្ទីរពេទ្យនៅវេលាម៉ោង០២ និង០០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២៤។
គួបញ្ជាក់ផងដែរថា ក្រោយកើតមានអំពើបាញ់ប្រហារយ៉ាងសាហាវឃោរឃៅបំផុត ទៅលើអ្នកកាសែតអនឡាញម្នាក់ នៅស្រុកជីក្រែង បណ្តាលឱ្យរងរបួសធ្ងន់រួចមក រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ជូនថា៖ «ពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានធ្វើការស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកធ្វើការសាកសួរជុំវិញ ករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា និងទទួលបានចម្លើយសារភាពពីជនសង្ស័យថា គឺ ផ្តើមឡើងដោយសារទំនាស់បុគ្គល មិនមានពាក់ព័ន្ធរឿងនយោបាយ ឬរឿងអ្វីផ្សេងឡើយ»។
រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា៖ «ក្រោយពីការផ្តល់ចម្លើយដល់សមត្ថកិច្ចរួចរាល់ ជនសង្ស័យត្រូវបានស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំអនុវត្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់»។ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់បន្ថែមថា៖ «បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបដើម្បី ធ្វើការសង្គ្រោះបន្ទាន់ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ»។
សូមរំឭកថា ជនរងរគ្រោះមានឈ្មោះ ឈឿន ឈឹង ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ អ្នកយកព័ត៌មានកម្ពុជាអភិវឌ្ឍន៌ ត្រូវបានខ្មាន់កាំភ្លើងលួចបាញ់ប្រហារ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ កាលពីល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ត្រង់ចំណុច ដីចម្ការត្រពាំងរាំង ក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ខណៈពេលកំពុងជិះម៉ូតូតាមផ្លូវ។ ក្រោយកើតហេតុ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយអធិការនគរបាលស្រុកជីក្រែង និងនគរបាលប៉ុស្តិ៍រដ្ឋបាលពង្រលើ បានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើកំណត់ហេតុ ព្រមទាំងសួរនាំសាក្សី ដើម្បីកំណត់មុខសញ្ញាឈានដល់ការស្រាវជ្រាវចាប់ខ្លួនជនបង្កនាំមកសាកសួរតាមនិតិវិធី។
ក្នុងប្រតិបត្តិការក្តៅគគុកនោះ កម្លាំងនគរបាលខេត្តសៀមរាប ដកហូតវត្ថុតាង រួមមាន គោយន្តកន្ត្រៃ ០១គ្រឿង, កាំភ្លើងកែច្នៃ (កាំភ្លើងឆ្នុក) ចំនួន ០១ ដើម, កាណុងកាំភ្លើងសេកាសេ ចំនួន ០១ដើម, កូនកាំបិត ០១ដើម, គ្រាប់កាំកង់ ចំនួន ៦៤ គ្រាប់, គីប ចំនួន ៦២ គ្រាប់, រំសេវកន្លះដប និងសម្ភារៈមួយចំនួនទៀត។
ជនសង្ស័យមានឈ្មោះ ស៊ី លឿយ ក្រោយកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃស្នងនគរបាលខេត្តសៀមរាប ឃាត់ខ្លួន បានសារភាពថា៖ «ខ្លួនពិតជាបានធ្វើសកម្មភាពបាញ់ប្រហារលើជនរងគ្រោះពិតប្រាកដមែន ព្រោះជនរងគ្រោះមានឈ្មោះ ឈឿង ឈឹង ជាអ្នកសារព័ត៌មានអនឡាញ តែងតែថតរូប និងតាមទារប្រាក់ពីខ្លួនថ្លៃដឹកឈើ ដោយគំរាមបើមិនឲ្យប្រាក់ដល់រូបគេទេនោះ នឹងរាយការណ៍ទៅមន្ត្រីបរិស្ថានជាមិនខានឡើយ»។ ជនដៃដល់ជាខ្មាន់កាំភ្លើង បានបន្ថែមទៀតថា៖ «អ្នកកាសែតរូបនេះ បានទារលុយពេលដឹកឈើក្នុងមួយជើង ២ម៉ឺនរៀល និងធ្លាប់បង់លុយឱ្យចំនួនពីរដង សរុបចំនួន ៤ម៉ឺនរៀល និងបន្តបន្ទាប់មកចេះតែមកទារជាញឹកញាប់ ពេកដោយសារគ្មានលុយបង់ទើបមានគំនុំតែម្តង»។
បុរសជាខ្មាន់កាំភ្លើង បានសារភាពទៀតថា៖ «នៅថ្ងៃកើតហេតុខ្លួនបានបើកគោយន្តកន្ត្រៃទៅស្រែ ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ដោយដាក់អាវុធកែច្នៃទៅជាមួយ ពេលបើកគោយន្តពីស្រែត្រឡប់មកផ្ទះវិញ ដល់ចំណុចផ្លូវបំបែកត្រពាំងរាំង វេលាម៉ោងប្រហែល១៨ល្ងាច ឃើញអ្នកកាសែតឈ្មោះ ឈឿង ឈឹង និងបក្ខពួកម្នាក់ទៀត មិនស្គាល់ឈ្មោះជិះម៉ូតូ ចំនួន ០២ គ្រឿង បានឈប់ក្បែរផ្លូវ រួចក៏បើកគោយន្តហួសជាង ១០០ ម៉ែត្របានឈប់គោយន្ត និងយកកាំភ្លើងកែច្នៃដើរទៅពួនក្បែរគល់ឈើចាំបាញ់ជនរងគ្រោះ ខណៈពេលពួកគេជិះម៉ូតូមកដល់ខ្លួនក៏បានធ្វើសកម្មភាពបាញ់ ចំនួន ០១គ្រាប់ បណ្តាលឱ្យត្រូវចំពីចំហៀងផ្នែកខាងឆ្វេង រួចបន្តបើកយកគោយន្តកន្ត្រៃមកផ្ទះតែម្តង»។
បច្ចុប្បន្នជនដៃដល់ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕



