2025-01-03 12:16
205

ភ្នំពេញ៖ ក្រុមក្មេងទំនើង រហស្សនាម «CK កាហ្វេកុង» ដែលល្បីល្បាញខាងធ្វើសកម្មភាពវាយ កាប់ចាក់អ្នកដទៃដើម្បីកាត់សាញ បង្កឱ្យមានអសន្តិសុខ និងភាពភ័យខ្លាចដល់អ្នកដំណើរ ពេលនេះ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជនីភ្នំពេញ សហការជាមួយស្នងការនគរបាលខេត្តកណ្តាល ស្រាវជ្រាវក្របួចបានមួយសំបុក យកមកសាកសួរ និងសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការ រវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្នាក់ដឹកនាំទាំងពីរអង្គភាពបានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន ០៤ នាក់ រហ័សនាម «ក្រុម CK កាហ្វេកុង» ពាក់ព័ន្ធករណីហិង្សាចេតនា បង្កឡើងដោយក្មេងទំនើង កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៣និង៣០នាទីរំលងអាធ្រាត នៅចំណុច ផ្លូវកោងផ្លូវជាតិលេខ២ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

ប្រភពបានបន្តទៀតថា យប់កើតហេតុ ជនសង្ស័យមានគ្នា ចំនួន ១២ នាក់ ជិះម៉ូតូ ចំនួន ០៦ គ្រឿង បាននាំគ្នាប្រដេញជនរងគ្រោះប្រដាប់ដោយ ដាវ កាបិតបុ័ងតោ ដុំឥដ្ឋ រហូតដល់ចំណុចកើតហេតុ ជនរងគ្រោះបានផ្តួលម៉ូតូចោលរត់អោយគេជួយ ចំណែកក្រុមជនសង្ស័យបាននាំគ្នាកាប់ទៅលើម៉ូតូជនរងគ្រោះបណ្តាលអោយខូចខាតខ្ទេចខ្ទីរ។ លុះរហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការដ្ឋាននគរបាលខេត្តកណ្តាល រួមនឹងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ ដើម្បីអនុវត្តន៍នីតិវិធីច្បាប់។

តាមសមត្ថកិច្ចបានបញ្ជាក់ថា៖ក្រុមក្មេងទំនើង រហស្សនាម «CK កាហ្វេហុងកុង» គឺល្បីល្បាញខាងដើរវ៉ា កាប់ចាក់អ្នកដទៃ ដើម្បីកាត់សាញ ឬបញ្ចេញកំហឹងរបស់ខ្លួនជាការកម្សាន្ត ហើយសមត្ថកិច្ចតែងបង្ក្រាបបក្ខពួកក្រុមក្មេងទំនើងទាំងនេះជាបន្តបន្ទាប់ យកទៅអនុវត្តតាមច្បាប់តឹងរឹងបំផុតផងដែរ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តអនុវត្តន៍នីតិវិធីច្បាប់៕