2025-05-01 07:40
23

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានទទួលជួបនិងពិភាក្សា លើរបាយការណ៍វឌ្ឍនភាព នៃគម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល។
ក្នុងជំនួបនេះដែរ ក៏បានពិភាក្សាបន្ថែម និងបានស្នើសុំអនុសាសន៍ជាគន្លឹះពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី អំពីចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ ព្រមទាំងកិច្ចការគិតគូរៀបចំរចនាសម្ព័ន្ធនៃមន្ទីរពេទ្យ ពិសេសសំដៅលើធនធានមនុស្ស និងកម្រិតនៃភាពជាអ្នកដឹកនាំគម្រូ រួមទាំងការស្វែងរកដៃគូរអភិវឌ្ឍ វិស័យមន្ទីរពេទ្យ ដែលនឹងចូលមកចូលរួមចំណែកជួយបង្ហាត់បង្រៀន ផ្ទៀងផ្ទាត់ និងវាយតម្លៃវឌ្ឍនភាពសំដៅសម្រេចបាន មន្ទីរពេទ្យសាកលវិទ្យាល័យកម្រិតស្តង់ដាសាកល នៅក្នុងប្រទេសកម្ពុជា។
សូមគូសបញ្ជាក់ផងដែរថា មន្ទីរពេទ្យសាកលវិទ្យាល័យដែលជាគម្រោងទី១ នៅក្នុងប្រទេសកម្ពុជា ក្រោមជំនួយគាំទ្រពីសាធារណរដ្ឋកូរ៉េ នឹងលេចរូបរាងឆាប់ៗខាងមុខនេះ នឹងចូលរួមចំណែកសំខាន់មួយបន្ថែមទៀត រួមជាមួយនឹងមន្ទីរពេទ្យជាតិទាំងអស់ ដូចជាមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យគន្ធបុប្ផា ជាដើម៕