2025-05-08 13:04
30

ព្រះសីហនុ៖     សោកនាដកម្មគ្រោះអគ្គិភ័យបានឆាបឆេះរថយន្តស៊ីទែនដឹកជញ្ជូនប្រេងឥន្ធនៈ ០១គ្រឿង របស់ក្រុមហ៊ុន CLEAN ENERGlES (CE) ហើយរាលដាលដល់ផ្ទះឈើ ០១ខ្នង បណ្តាលឱ្យមានមនុស្សប្រុស-ស្រី ចំនួន ០៣ នាក់ស្លាប់យ៉ាងអាណោចអាធម្មបំផុត។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១១និង៤០នាទីយប់ នៅចំណុច ភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

តាមរបាយការណ៍បានឱ្យដឹងថា មានរថយន្តដឹកប្រេងឥន្ធនៈ ចំនួន ០១ គ្រឿង របស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខ ភ្នំពេញ 4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) នឹងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ចំនួន ០២ខ្នងទៀត អស់ទាំងស្រុង និងម៉ូតូ ចំនួន ០៥ គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះ ទី១៖ ឈ្មោះ អ៊ុត ភាព ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សី មានទំហំទទឹង០៤ម៉ែត្រ×បណ្ដោយ០៦ម៉ែត្រ (អស់ទាំងស្រុង)។ ម្ចាស់ផ្ទះទី២៖ ឈ្មោះ មន ភក្ដី ភេទប្រុស អាយុ ៤០ឆ្នាំ មានប្រពន្ធឈ្មោះ បាត ស្រីមុំ ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ លក់ដូរ ផ្ទះសង់អំពីថ្ម ដំបូលប្រក់សង្ក័សី មានទំហំទទឹង០៧ម៉ែត្រ×បណ្ដោយ១៥ម៉ែត្រ (ឆេះផ្ទះអស់ទាំងស្រុង) និងបណ្ដាលឱ្យឆេះគ្រោះថ្នាក់ដល់កូនស្លាប់ ចំនួន ០៣នាក់ ខណពេលកំពុងដេកលង់លក់នៅក្នុងផ្ទះ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ដ៏រន្ធត់នោះ រួមមាន ទី១៖ ឈ្មោះ យ៉ារី សុខសិលា ភេទប្រុស អាយុ ១៨ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។  ២៖ ឈ្មោះ ភក្ដី រីតា ភេទស្រី អាយុ ១៥ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងទី៣៖ ឈ្មោះ ភក្ដី សំមេន ភេទប្រុស អាយុ ១៣ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងម្ដាយឈ្មោះ បាត ស្រីមុំ អាយុ ៣៥ឆ្នាំ រងរបួសស្រាល) ។

តាមការបំភ្លឺរបស់ឈ្មោះ ភក្ដី គារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុខ្លួនកំពុងបង្ហូរសាំងដាក់ប៊ីដុងចេញពីថយន្តដឹកប្រេង ០១គ្រឿង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlES បានបង្ហូរសាំងលក់ឱ្យ។ ពេលបង្ហូរសាំងបាន ចំនួន ០២ ប៊ីដុង (ប្រមាណ៦០លីត្រ) ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរសាំងបន្ថែមទៀត ទើបតែបានកន្លះប៊ីដុង ខណៈពេលម្ដាយរបស់ខ្លួនក៏កំពុងអាំងងាវហូបនៅពីមុខផ្ទះស្រាប់តែឆាបឆេះបង្កទៅីជាអគ្គិភ័យកើតឡើងយ៉ាងសន្ធោសន្ធៅតែម្តង។

ក្រោយមានករណីអគ្គិភ័យឆេះរថយន្តដឹកប្រេង ខណៈពេលតៃកុងបានលួចបង្ហូរប្រេងលក់នោះ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ នួន ០២គ្រឿង បានប្រើប្រាស់ទឹកអស់ ចំនួន ០៣ រថយន្ត, រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ០២គ្រឿង បានប្រើប្រាស់ទឹកអស់ ០២ រថយន្ត។
បច្ចុប្បន្នករណីគ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕