2025-05-11 10:13
5

“បើគេមិនចង់ចរចាជាមួយកម្ពុជាយើង គេមិនហៅយើងទៅចរចាដល់ប្រទេសគេទេ”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូច្នេះមុនពេលដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើដំណើរទៅសហរដ្ឋអាម៉េរិក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពន្ធគយបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក បានបន្ថែមថា៖ “បន្ទាប់ពីការចរចាចំនួនពីរដងរួចមកហើយ ខ្ញុំមានសុទិដ្ឋិនិយមចំពោះការទៅចរចាដោយផ្ទាល់នេះ ព្រោះថាកម្ពុជាយើងស្ថិតនៅក្នុងចំណោមប្រទេសពី១៨ ទៅ២០ប្រទេសប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យទៅចរចាដោយផ្ទាល់។ ដែលនេះបង្ហាញថា គេមានឆន្ទៈ ហើយយើងក៏មានឆន្ទៈដើម្បីចរចា”។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ផងដែរថា ឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានបង្ហាញការយល់ស្របពាក់ព័ន្ធនឹងអំណាចនៃការបញ្ជាទិញរបស់កម្ពុជា គឺមិនអាចស្មើនឹងសហរដ្ឋអាម៉េរិកនោះទេ។ ដោយកម្ពុជានាំចេញទៅអាម៉េរិក ១២ពាន់លានដុល្លារ ហើយកម្ពុជាយើងនាំចូលពីអាម៉េរិកវិញ ៣០០លានដុល្លារ ហើយចំណុចនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer បានយល់ គឺមិនអាចកម្ពុជានាំចេញប៉ុន្មានត្រូវនាំចូលឱ្យស្មើគ្នាបានទេ ព្រោះការអភិវឌ្ឍ និងការរីកចម្រើនប្រទេសនីមួយៗខុសគ្នា ដែលនេះគឺជាចំណុចដ៏ល្អរបស់កម្ពុជា”។
សូមរម្លឹកថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានសម្រេចបង្កើនអត្រាពន្ធគយបដិការលើបណ្តាប្រទេសជាច្រើន ក្នុងនោះកម្ពុជា មានអត្រាពន្ធរហូតដល់ ៤៩%។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី

បានសិក្សាវាយតម្លៃ និងរៀបចំនីតិវិធី ព្រមទាំងយន្តការផ្សេងៗជាបន្ទាន់ក្នុងគោលដៅធ្វើការចរចាផ្ទាល់ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីទម្លាក់ចំនួនអត្រាពន្ធវិញ ដោយសម្តេចធិបតី បានសរសេរលិខិតទៅឯកឧត្តម ដូណាល់ ត្រាំ ដើម្បីស្នើចរចា។
ជាមួយគ្នានេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានសរសេរលិខិតទៅ ឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer ដោយធ្វើការបន្ថយអត្រាពន្ធលើក្រុមមុខទំនិញនាំចូលពីសហរដ្ឋអាមេរិក ចំនួន ១៩ក្រុមមុខទំនិញ ពីអត្រា ៣៥% មកនៅត្រឹម ៥% ដើម្បីបើកផ្លូវចរចាផងដែរ។
ជាលទ្ធផលវិជ្ជមាន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលឯកឧត្តម ដូណាល់ ត្រាំ បានសម្រេចបញ្ចុះអត្រាពន្ធគយបដិការ (Reciprocal Tariffs) របស់កម្ពុជា ពីអត្រា ៤៩% មកនៅត្រឹម ១០% ក្នុងរយៈពេល ៩០ថ្ងៃ៕