
សារលិខិតថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ ព្រះវស្សា យាងចូល ៧៣ ព្រះវស្សា ដែលនឹងឈានចូលមកដល់នាថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិការ នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) និងនៅតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះសព្ទសាធុការពរជ័យ និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាល ព្រះអង្គតែងសព្វព្រះរាជហឫទ័យបំពេញព្រះរាជសកម្មភាពប្រកបដោយព្រះគុណធម៌ ព្រះព្រហ្មវិហារធម៌ ចំពោះព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រខ្មែរ ជាពិសេសក្នុងព្រះបរមនាមជាព្រះប្រមុខរដ្ឋ ព្រះអង្គបានបំពេញនូវព្រះរាជកិច្ចជាច្រើនរួមចំណែកធ្វើឱ្យកិត្យានុភាពកម្ពុជា កាន់តែល្បីរន្ទឺសុះសាយនៅក្នុងតំបន់ និងអន្តរជាតិ។
ក្នុងឱកាសជ័យមង្គលដ៏មហាថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យឧទ្ទិស បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមបីបាច់ថែរក្សា និងប្រោះព្រំប្រោសប្រទានព្រះរាជសព្ទសាធុការពរជ័យ គ្រប់ប្រការថ្វាយព្រះករុណាថ្លៃវិសេស សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តន៍តរៀងទៅ។
សូម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវការគោរព សក្ការៈជាទីបំផុតពីទូលព្រះបង្គំយើងខ្ញុំ។






