2025-05-13 16:10
17

ភ្នំពេញ៖ តារាចម្រៀងលោក ខេម បានប្រកាសជាសាធារណៈថា រូបលោកកំពុងកើតជំងឺកូវីដប្រភេទថ្មី បន្ទាប់ពីលោកបានមានអាការៈមិនស្រួលខ្លួនដោយមិនខុសពីជំងឺផ្តាសាយនោះឡើយ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្នុងពេលដែលលោកស្នើឲ្យមហាជនមានការប្រុងប្រយ័ត្នពីជំងឺមួយនេះ។


តាមរយៈសំណេរដែលបានបង្ហោះលើបណ្តាញសង្គមតារាចម្រៀងលោក ខេម បានសរសេរនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះថា៖ «សូមបងប្អូនប្រុងប្រយត្ន័ កូវីដវាមកវិញហើយ ជាក់ស្តែងលូវខ្ញុំកំពុងកើតផ្ទាល់»។


សូមជ្រាបថា ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា៖ ស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះ គឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជា បន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។ 


បច្ចុប្បន្នអង្គការសុខភាពពិភពលោក បានចាត់ថ្នាក់ថាជា វីរុស ស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មី ប្រភេទជេអ៊ុន១ (JN.1) ត្រូវបានរកឃើញមានជាង ១៥ភាគរយនៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។ ចំពោះ អ្នកឆ្លងអូមីក្រុងបំប្លែងថ្មីជេអិន១ (JN.1) នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ-១៩ ជំនាន់មុនៗ នោះទេ។ 


ទោះជាយ៉ាងណាក៏ដោយ ជេអ៊ុន១ (JN.1) បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ជាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង ដោយសារការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីន បង្គោល របស់វីរុស (mutations in the spike protein)។

ថ្វីត្បិតតែជេអិន១ (JN.1) មានហានិភ័យសុខភាព សាធារណៈជាសកលនៅមានកម្រិតទាប ការបន្តការប្រុងប្រយ័ត្នគឺចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមាន ហានិភ័យខ្ពស់នៃការចម្លងជំងឺរួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ ជាដើម។ 


ទន្ទឹមនឹងនោះនៅក្នុងប្រទេសកម្ពុជាយើងនាប៉ុន្មានខែចុងក្រោយ នេះ ការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការ យកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេសនារដូវវស្សាខាងមុខនេះ។


ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋ បុគ្គល គ្រួសារ និងសហគមន៍ ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងផ្នែកសាធារណៈ និងឯកជន អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពួតដៃរួមគ្នា ក្នុងការការពារសុខភាពរបស់ខ្លួន និងទីកន្លែងធ្វើការរបស់ខ្លួន ដោយ មានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពទទួលខុសត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននិងគ្រប់ៗគ្នា ក្នុងនោះ ពាក់ព័ន្ធនឹងការការពារ និងការចាក់វ៉ាក់សាំងកូវីដ-១៩ នូវផូសជម្រុញបន្ថែមទៀត ដើម្បីបញ្ចៀសនូវការរីករាលដាលក្នុងសហគមន៍ ក្នុងគ្រួសារ និងស្ថាប័ននានា ដែលអាចកើតមានជាយថាហេតុ៕