
ភ្នំពេញ៖ ក្រុមហ៊ុន XIN MEI FUSHI (CAMBODIA) CO.,LTD. ដុតកម្ទេចកំណាត់ និងជ័រ ដើម្បីដំណើរការឡចំហាយទឹក បង្កឲ្យប៉ះពាល់ដល់បរិស្ថាន ត្រូវបានមន្ត្រីជំនាញក្រសួងបរិស្ថាន ចុះត្រួតពិនិត្យ និងណែនាំដល់ក្រុមហ៊ុនឲ្យគោរពតាមស្តង់ដាបច្ចេកទេស។
ក្រសួងបរិស្ថាន បានឲ្យដឹងថា បន្ទាប់ពីទទួលបានការណែនាំពីលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានករណីការបំពុលបរិស្ថានមានផ្សែងពណ៌ខ្មៅចេញពីបំពង់ផ្សែងឡចំហាយ របស់រោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លុះនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយ លោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ ដោយមានការចូលរួមសហការពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងរោងចក្រខាងលើ ដោយទទួលបាន លទ្ធផលដូចខាងក្រោម៖
- ក្រុមហ៊ុន XIN MEI FUSHI (CAMBODIA) CO.,LTD. ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ បើកដំណើរការនៅដើមឆ្នាំ២០២៥ ដែលមានបុគ្គលិក សរុបចំនួន ២៥០ នាក់
ពេលត្រួតពិនិត្យជាក់ស្តែងនៅទីតាំងរោងចក្រ។
- រោងចក្របានដុតកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិក ដើម្បីដំណើរការឡចំហាយ និងមានរក្សាទុកកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកលាយជាមួយអុស នៅក្បែរឡចំហាយ។
- រោងចក្រ ពុំទាន់មានលិខិតអនុញ្ញាតផ្សេងៗពីក្រសួងបរិស្ថានទេ។ បន្ទាប់ពីបានត្រួតពិនិត្យរួច ក្រុមការងារបានដាក់។
វិធានការចំពោះក្រុមហ៊ុនដូចខាងក្រោម៖
១- រោងចក្រត្រូវបញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកជាបន្ទាន់។
២- រោងចក្រនឹងត្រូវរងពិន័យអន្តរការណ៍ តាមច្បាប់កំណត់។
៣- រោងចក្រត្រូវស្នើសុំលិខិតអនុញ្ញាតនានា ពាក់ព័ន្ធនឹងវិស័យបរិស្ថាននៅក្រសួងបរិស្ថាន។
៤- ទុកដាក់កម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកនៅឱ្យឆ្ងាយពីឡចំហាយ ហាមដាច់ខាតយកទៅដុត។
៥- រោងចក្រត្រូវប្រើប្រាស់ក្រុមហ៊ុនប្រមូលដឹក ជញ្ជូនសំរាមសំណល់រឹង ដែលមានអាជ្ញាប័ណ្ណ ត្រឹមត្រូវស្របច្បាប់ស្ថិតក្នុងដែនសមត្ថកិច្ច និង ទី៦- រោងចក្រត្រូវកែសម្រួលបច្ចេកទេសឡចំហាយ បំពាក់ដំរងច្រោះផ្សែង ឲ្យត្រូវតាមស្តង់ដាកំណត់៕

