2025-07-01 14:35
10

នៅព្រឹកនេះ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទ មហាវិជ្ជរ៉ាលង្ករណ៍ (Moha Vajiralongkorn) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ បានចេញព្រះរាជក្រឹត្យ ស្តីពី ការដកហូត និងតែងតាំងមុខតំណែងរដ្ឋមន្ត្រីមួយចំនួន តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ លោកស្រី Paretongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ 

គណៈរដ្ឋមន្ត្រីថៃដែលត្រូវបានរុះរើមានរាយនាម៖ ទី១៖ លោក Phumtham Wechayachai ដកហូតមុខតំណែង ពី «ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ» ដោយតែងតាំង ជា «ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។ ទី២៖ លោកស្រី Narumon Pinyosinwat ដកហូតមុខតំណែង ពី «រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍» ដោយដាក់ឱ្យចូលនិវត្តន៍ និងទី៣៖ លោកស្រី Paretongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ បច្ចុប្បន្ន បន្ថែមមុខតំណែង ជា «រដ្ឋមន្ត្រីក្រសួងវប្បធម៌» បន្ថែម។

ការកែសម្រួលមុខតំណែងរបស់ថៃ ពេលនេះ គឺមានសមាសភាពច្រើនរូបទៀត មិនមែនមានតែ ចំនួន ០៣ រូបនេះទេ ក្រោមហេតុផល ដើម្បីភាពសមស្រប និងជាប្រយោជន៍ដល់ការដឹកនាំប្រទេសថៃ។

សូមបញ្ជាក់ថា ក្រោយកែសម្រួលគណៈរដ្ឋមន្ត្រីថ្មីរបស់ថៃនេះ មិនបានប៉ុន្មានម៉ោងផង លោកស្រី Paretongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចព្យួរមុខតំណែងពីនាយករដ្ឋមន្ត្រី ជុំវិញការលេចធ្លាយសារសន្ទនាតាមទូរសព្ទដ៏រសើបផ្នែកនយោបាយជាមួយអតីតមេដឹកនាំដ៏មានឥទ្ធិពលរបស់កម្ពុជា គឺសម្តេចតេជោ  ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

សេចក្តីថ្លែងរបស់តុលាការធម្មនុញ្ញ បានបញ្ជាក់ថា៖ «តុលាករបានទទួលយកញត្តិពីសមាជិកព្រឹទ្ធសភា ចំនួន ៣៦ រូប ដែលចោទប្រកាន់លោក Paetongtarn ពីបទមិនស្មោះត្រង់ និងរំលោភលើបទដ្ឋានក្រមសីលធម៌ដោយរំលោភលើរដ្ឋធម្មនុញ្ញ»។

រដ្ឋាភិបាលថ្មីរបស់ថៃ ត្រូវបានគេរំពឹងថា នឹងត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្ត្រីជានាយករដ្ឋមន្ត្រីស្តីទីជាបណ្តោះអាសន្ន ខណៈដែលតុលាការសម្រេចលើសំណុំរឿងប្រឆាំងនឹងលោកស្រី Paetongtarn ដែលនឹងបន្តនៅក្នុងគណៈរដ្ឋមន្ត្រីក្នុងនាមជារដ្ឋមន្ត្រីវប៌្បធមថ្មី បន្ទាប់ពីមានការរុះរើ៕