2025-07-03 15:55
11

សមាជិកសមាជិការថ្មីរបស់ថៃជាច្រើនរូប បានចូលស្បថចូលកាន់តំណែង នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងនោះ មានលោកស្រី ផែថងថាន នាយករដ្ឋមន្ត្រីដែលត្រូវបានព្យួរពីតំណែងផងដែរ និងកំពុងស្ថិតក្រោមការស៊ើបអង្កេត ជុំវិញករណីការបែកធ្លាយសារសំឡេងកិច្ចសន្ទនាជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានព្យួរពីតំណែងពី «នាយករដ្ឋមន្ត្រីថៃ» កាលពីថ្ងៃអង្គារ ទី០១ ខែកក្កដា កន្លងទៅ ស្របពេលដែលព្រះមហាក្សត្រថៃ ត្រាស់បង្គាប់តែងតាំងសមាជិកគណៈរដ្ឋមន្ត្រីថ្មី ហើយលោកស្រីបានក្លាយជារដ្ឋមន្ត្រីក្រសួងវប្បធម៌។ 

ក្រោយការព្យួរតំណែងលោកស្រី ផែថងថា លោក Suriya Jungrungreangkit បានក្លាយទៅជានាយករដ្ឋមន្ត្រីស្តីទី បានដឹកនាំសមាជិកគណៈរដ្ឋមន្ត្រីថ្មី ចូលរួមក្នុងពិធីស្បថចូលកាន់តំណែង នៅចំពោះព្រះភក្រ្តព្រះមហាក្សត្រថៃ។

សូមជម្រាបថា តុលាការធម្មនុញ្ញបានបោះឆ្នោតជាឯកច្ឆ័ន្ទ កាលពីថ្ងៃអង្គារ ទី០១ ខែកក្កដា ដើម្បីពិនិត្យលើញត្តិដែលចោទប្រកាន់លោកស្រី ផែថងផាន ពីបទ៖ «រំលោភក្រមសីលធម៌» ហើយបានបោះឆ្នោតសំឡេង៧ទល់នឹង២ ដើម្បីព្យួរតំណែងលោកស្រី ផែថងថាន រហូតដល់វាចេញសេចក្តីសម្រេចសារជាថ្មី។ តុលាការបានទុករយៈពេល ១៥ថ្ងៃឱ្យ Paetongtarn ដើម្បីផ្តល់ភស្តុតាងបន្ថែមលើសំណុំរឿងនេះ៕